លូកា 8:40-42
លូកា 8:40-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
លូកា 8:40-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ បណ្តាជននាំគ្នាទទួលព្រះអង្គដោយអំណរ ដ្បិតគេទាំងអស់គ្នាកំពុងចាំមើលផ្លូវព្រះអង្គ។ នៅពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ ក្រាបចុះនៅទៀបព្រះបាទព្រះយេស៊ូវ ហើយអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះអង្គយាងទៅ មហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
លូកា 8:40-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់ ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។