លូកា 7:44-50
លូកា 7:44-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ តែនាងចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «នាងបានទទួលការអត់ទោសឲ្យរួចពីបាបហើយ»។ ពេលនោះ អស់អ្នកដែលអង្គុយរួមតុជាមួយព្រះអង្គ ចាប់ផ្ដើមគិតក្នុងចិត្តថា៖ «តើលោកនេះជានរណា ដែលសូម្បីតែបាបក៏អត់ទោសឲ្យបានដូច្នេះ»? ព្រះអង្គមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
លូកា 7:44-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
លូកា 7:44-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច រួចទ្រង់មានបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។