លូកា 7:18-35
លូកា 7:18-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សិស្សរបស់លោកយ៉ូហានបានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ត*ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញដែរ។ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ” ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត»។ ប្រជាជនទាំងមូល និងអ្នកទារពន្ធ*បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក*ពីលោក។ រីឯពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*មិនទទួលស្គាល់គម្រោងការ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាថា លោកមានអារក្សចូល។ រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
លូកា 7:18-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសិស្សរបស់លោកយ៉ូហាន បានរៀបរាប់ប្រាប់លោកពីគ្រប់ហេតុការណ៍ទាំងនេះ។ ដូច្នេះ លោកយ៉ូហានក៏ហៅសិស្សរបស់លោកពីរនាក់មក ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?» កាលអ្នកទាំងពីរនោះមកជួបព្រះអង្គ គេទូលព្រះអង្គថា៖ «លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរលោកថា "តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត"»? នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។ កាលអ្នកនាំសាររបស់លោកយ៉ូហានបានចេញទៅ ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់មហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយត្រូវខ្យល់ឬ? តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយរស់នៅដោយប្រណិត គេនៅក្នុងដំណាក់ស្តេចឯណោះ។ ដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់វិសេសជាងហោរាទៅទៀត។ ដ្បិតគឺអ្នកនេះហើយ ដែលមានសេចក្តីចែងទុកអំពីគាត់ថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក" ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រីមក គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងព្រះរាជ្យរបស់ព្រះ អ្នកនោះធំជាងគាត់ហើយ»។ (កាលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធបានឮសេចក្ដីនេះ គេក៏ប្រកាសថា ព្រះទ្រង់សុចរិត ដោយបានទទួលពិធីជ្រមុជទឹកពីលោក។ ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។ «ដូច្នេះ តើខ្ញុំត្រូវប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើគេជាមនុស្សប្រភេទណា? គឺគេប្រៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំទេ យើងបានស្មូត្របទទំនួញ តែឯងមិនបានយំសោះ"។ ដ្បិតលោកយ៉ូហាន-បាទីស្ទបានមកមិនបរិភោគនំប៉័ង មិនផឹកស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា "គាត់មានអារក្សចូល"។ កូនមនុស្សបានមកទាំងបរិភោគ ទាំងផឹក ហើយអ្នករាល់គ្នាថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប"។ ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលទាំងប៉ុន្មានដែលខ្លួនបង្កើត»។
លូកា 7:18-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត នៅវេលានោះឯង ទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា នឹងមនុស្សអារក្សអសោចិ៍ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។ កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយនឹងខ្យល់ឬអី តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើលមនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអី មើល ពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើល អញចាត់ទូតអញទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង» ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងពួកមនុស្សដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរព្រះ នោះក៏ធំជាងគាត់ហើយ ឯបណ្តាជន នឹងពួកអ្នកយកពន្ធទាំងប៉ុន្មាន ដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់ តែពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះដំរិះ ដែលដំរូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជពីគាត់វិញ នោះព្រះអម្ចាស់មានបន្ទូលថា តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី តើគេដូចជាអ្វី គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយ ឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើតទាំងប៉ុន្មាន។