លូកា 7:1-50

លូកា 7:1-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រជា‌ជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើ‌ណិម។ នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់ ជិត​ស្លាប់។ ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។ ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់ ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​ឲ្យ​យើង​ផង»។ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះអង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។ មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។ ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះអង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ​ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ព្រះអង្គ​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។ រំពេច​នោះ បុគ្គល​ដែល​ស្លាប់​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប​បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។ ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ​បាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។ សិស្ស​របស់​លោក​យ៉ូហាន​បាន​រៀប​រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក រួច​ចាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ មនុស្ស​ពិការ និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ឲ្យ​ជា។ ព្រះអង្គ​ក៏​បាន​ប្រោស​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​មើល​ឃើញ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ ។ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត»។ ប្រជា‌ជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ*​បាន​ស្ដាប់​លោក​យ៉ូហាន ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌ហឫទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក។ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។ តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើ​គេ​ដូច​នរណា? គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។ យ៉ាង​ណា‌មិញ លោក​យ៉ូហាន‌បាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​អារក្ស​ចូល។ រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​អ្នក​រាល់​គ្នា​ថា “មើល​ចុះ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។ នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា​ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។ បន្ទាប់​មក ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​តិច ក៏​សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​នាង​រួច​ពី​បាប​ហើយ»។ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

ចែក​រំលែក
អាន លូកា 7

លូកា 7:1-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម។ ពេល​នោះ មាន​បាវ​បម្រើ​សំណព្វ​របស់​មេ​ទ័ព​រ៉ូម​ម្នាក់ ឈឺ​ហៀប​នឹង​ស្លាប់។ ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។ កាល​គេ​បាន​ទៅ​ជួប​ព្រះ‌យេស៊ូវ​ហើយ គេ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «មេ​ទ័ព​នោះ​ស័ក្ដិ‌សម​នឹង​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក ដ្បិត​គាត់​ស្រឡាញ់​សាសន៍​របស់​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​មួយ​ឲ្យ​យើង»។ ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​ពួកគេ តែ​កាល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ មេ​ទ័ព​នោះ​ចាត់​មិត្ត​សម្លាញ់​ឲ្យ​មក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះហឫ‌ទ័យ​ឡើយ ដ្បិត​ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។ ដ្បិត​ទូល‌បង្គំ​ក៏​នៅ​ក្រោម​អំណាច​គេ ទាំង​មាន​ទាហាន​នៅ​ក្រោម​អំណាច​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​បម្រើ​ថា "ធ្វើ​ការ​នេះ" បាវ​បម្រើ​នោះ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។ ពេល​អស់​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គេ​ឃើញ​បាវ​បម្រើ​នោះ​ជា​សះ‌ស្បើយ។ ក្រោយ​មក ព្រះ‌អង្គ​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន ហើយ​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។ ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!» អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។ ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។ ពួក​សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ហេតុ‌ការណ៍​ទាំង​នេះ។ ដូច្នេះ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​របស់​លោក​ពីរ​នាក់​មក ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?» កាល​អ្នក​ទាំង​ពីរ​នោះ​មក​ជួប​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត"»? នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡីង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។ កាល​អ្នក​នាំ​សារ​របស់​លោក​យ៉ូហាន​បាន​ចេញ​ទៅ ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​រស់​នៅ​ដោយ​ប្រណិត គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ឯ​ណោះ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​វិសេស​ជាង​ហោរា​ទៅ​ទៀត។ ដ្បិត​គឺ​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​អំពី​គាត់​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​របស់​អ្នក​នៅ​មុខ​អ្នក" ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី​មក គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ អ្នក​នោះ​ធំ​ជាង​គាត់​ហើយ»។ (កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ ប៉ុន្តែ ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ បាន​ច្រាន​ចោល​បំណង​របស់​ព្រះសម្រាប់​ខ្លួន​គេ ដោយ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ពី​លោក)។ «ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? តើ​គេ​ជា​មនុស្ស​ប្រភេទ​ណា? គឺ​គេ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ឯង​មិន​បាន​យំ​សោះ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិ‌ភោគ​នំប៉័ង មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា "គាត់​មាន​អារក្ស​ចូល"។ កូន​មនុស្ស​បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក ហើយ​អ្នក​រាល់​គ្នា​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប"។ ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បង្កើត»។ មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី បាន​យាង​ព្រះ‌អង្គ​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ផារិស៊ី​នោះ ហើយ​គង់​រួម​តុ​ជាមួយ​គាត់។ មើល៍! នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​ជា​មនុស្ស​បាប។ ពេល​នាង​ដឹង​ថា ព្រះ‌អង្គ​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​អ្នក​ផារិស៊ី​នោះ នាង​ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក រួច​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ​ទាំង​យំ ហើយ​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ចាក់​ប្រេង​ក្រអូប​លាប​ទៀត​ផង។ កាល​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះ‌អង្គ​នោះ​ឃើញ​ដូច្នោះ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ជា​ហោរា​មែន លោក​មុខ​ជា​ដឹង​ថា ស្ត្រី​ដែល​ពាល់​លោក​ជា​អ្នក​ណា ហើយ​ជា​មនុស្ស​ប្រភេទ​ណា​ពុំ​ខាន ដ្បិត​នាង​ជា​មនុស្ស​បាប»។ ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ប្រាប់​លោក»។ គាត់​ឆ្លើយ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​កូន​បំណុល​ពីរ​នាក់ ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ម្នាក់​ជំពាក់​ប្រាំ​រយ​ដេណារី ម្នាក់​ទៀត​ហា‌សិប​ដេណារី ។ កាល​គេ​គ្មាន​អ្វី​នឹង​សង គាត់​ក៏​លុប​បំណុល​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ឥឡូវ​នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជាង?» ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា គឺ​អ្នក​ដែល​ជំពាក់​ច្រើន​ជាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ពិចារណា​បាន​ត្រឹម​ត្រូវ​មែន»។ បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «លោក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ? ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ តែ​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ហើយ​យក​សក់​នាង​ជូត​ជើង​ខ្ញុំ​ទៀត​ផង។ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​រហូត​មិន​ឈប់​សោះ។ លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ តែ​នាង​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ ហេតុ​នេះ​ខ្ញុំ​សូម​ជម្រាប​លោក​ថា នាង​បាន​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ជា​ច្រើន​របស់​នាង​ហើយ ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ច្រើន។ ប៉ុន្តែ អ្នក​ណា​ដែល​ទទួល​ការ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច​ដែរ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​បាន​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ហើយ»។ ពេល​នោះ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ ចាប់​ផ្ដើម​គិត​ក្នុង​ចិត្ត​ថា៖ «តើ​លោក​នេះ​ជា​នរណា ដែល​សូម្បី​តែ​បាប​ក៏​អត់​ទោស​ឲ្យ​បា​ន​ដូច្នេះ»? ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ»។

ចែក​រំលែក
អាន លូកា 7

លូកា 7:1-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ ឲ្យ​បណ្តាជន​ស្តាប់​រួច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​វិញ នោះ​មាន​បាវ​សំណប់​របស់​មេ​ទ័ព​ម្នាក់ វា​ឈឺ​ហៀប​នឹង​ស្លាប់ លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ កាល​គេ​បាន​ទៅ​ដល់​ព្រះ‌យេស៊ូវ​ហើយ នោះ​ក៏​ទទូច​អង្វរ​ទ្រង់​ថា មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្តា​ដែរ ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សំរាប់​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​នឹង​គេ កាល​ហៀប​នឹង​ដល់​ផ្ទះ​ហើយ នោះ​មេ​ទ័ព​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះ‌ទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូលបង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​១​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូលបង្គំ​បាន​ជា​ហើយ ដ្បិត​ទូលបង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ នោះ​វា​ក៏​ធ្វើ​តាម កាល​ព្រះ‌យេស៊ូវ​បាន​ឮ​សេចក្ដី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​បន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។ ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណា‌អ៊ីន មាន​ទាំង​ពួក​សិស្ស នឹង​មនុស្ស​សន្ធឹក​ទៅ​ដែរ កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់ កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​បន្ទូល​ថា កុំ​យំ​អី រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា នឹង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។ ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា នឹង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។ កាល​សិស្ស​ដែល​យ៉ូហាន​ចាត់​ឲ្យ​មក បាន​ចេញ​ទៅ​ហើយ នោះ​ទ្រង់​ចាប់​តាំង​មាន​បន្ទូល​នឹង​បណ្តា​មនុស្ស​ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​នឹង​ខ្យល់​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ស្លៀក‌ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ល្អ​ប្រសើរ ហើយ​រស់​នៅ​ដោយ​រុងរឿង នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ ឯ​បណ្តាជន នឹង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់ តែ​ពួក​ផារិស៊ី នឹង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌ដំរិះ ដែល​ដំរូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ នោះ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​សោះ ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។ មាន​ពួក​ផារិស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់ ហើយ​មើល នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារិស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក នាង​ឈរ​ពី​ខាង​ក្រោយ​ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង កាល​ពួក​ផារិស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប ព្រះ‌យេស៊ូវ​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូន​អើយ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្តិច គាត់​ក៏​ឆ្លើយ​ថា សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ ទ្រង់​មាន​បន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​បន្ទូល​តប​ថា អ្នក​ស្មាន​ត្រូវ​ហើយ រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​បន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់ អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្ដី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ​អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច រួច​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ ឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ ក៏​ចាប់​តាំង​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​នេះ​ជា​អ្វី​ដែល​អត់​ទោស​បាប​បាន​ផង​ដូច្នេះ តែ​ទ្រង់​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។

ចែក​រំលែក
អាន លូកា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ