លូកា 7:1-35
លូកា 7:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះឲ្យបណ្តាជនស្តាប់រួចហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ពេលនោះ មានបាវបម្រើសំណព្វរបស់មេទ័ពរ៉ូមម្នាក់ ឈឺហៀបនឹងស្លាប់។ ពេលលោកមេទ័ពនោះបានឮគេនិយាយអំពីព្រះយេស៊ូវ គាត់ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសបាវបម្រើរបស់គាត់។ កាលគេបានទៅជួបព្រះយេស៊ូវហើយ គេទទូចអង្វរព្រះអង្គថា៖ «មេទ័ពនោះស័ក្ដិសមនឹងទទួលការប្រោសប្រណីពីលោក ដ្បិតគាត់ស្រឡាញ់សាសន៍របស់យើង ហើយបានសង់សាលាប្រជុំមួយឲ្យយើង»។ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ តែកាលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ មេទ័ពនោះចាត់មិត្តសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះហឫទ័យឡើយ ដ្បិតទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ ហេតុនេះហើយបានជាទូលបង្គំមិនហ៊ានមកជួបព្រះអង្គ។ ប៉ុន្តែ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះចុះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយមិនខាន។ ដ្បិតទូលបង្គំក៏នៅក្រោមអំណាចគេ ទាំងមានទាហាននៅក្រោមអំណាចទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា "ទៅ" គេក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា "មក" គេក៏មក ហើយប្រាប់ទៅបាវបម្រើថា "ធ្វើការនេះ" បាវបម្រើនោះក៏ធ្វើតាម»។ កាលព្រះយេស៊ូវបានឮដូច្នេះ ព្រះអង្គមានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញមានជំនឿដូច្នេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក៏ដោយ»។ ពេលអស់អ្នកដែលលោកបានចាត់ឲ្យមក ត្រឡប់ទៅដល់ផ្ទះវិញ គេឃើញបាវបម្រើនោះជាសះស្បើយ។ ក្រោយមក ព្រះអង្គយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយពួកសិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើនបានធ្វើដំណើរទៅជាមួយព្រះអង្គ។ ពេលព្រះអង្គចូលទៅជិតដល់ទ្វារក្រុង នោះមើល៍ មានគេសែងសពមនុស្សម្នាក់ចេញមក ជាសពកូនប្រុសតែមួយគត់របស់ម្តាយ ដែលជាស្រ្ដីមេម៉ាយ ហើយមានមនុស្សជាច្រើនពីក្រុងនោះហែមកជាមួយគាត់។ កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។ ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!» អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះអង្គប្រគល់អ្នកកំលោះនោះដល់ម្តាយវិញ។ មនុស្សទាំងអស់គ្នាកើតមានសេចក្តីស្ញែងខ្លាច ក៏សរសើរតម្កើងដល់ព្រះ ដោយពាក្យថា៖ «មានហោរាមួយធំបានលេចឡើងក្នុងចំណោមយើង» ហើយថា «ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!»។ ពាក្យគេនិយាយអំពីអង្គនេះ បានឮសុសសាយពាសពេញក្នុងស្រុកយូដា និងស្រុកទាំងអស់ដែលនៅជុំវិញ។ ពួកសិស្សរបស់លោកយ៉ូហាន បានរៀបរាប់ប្រាប់លោកពីគ្រប់ហេតុការណ៍ទាំងនេះ។ ដូច្នេះ លោកយ៉ូហានក៏ហៅសិស្សរបស់លោកពីរនាក់មក ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?» កាលអ្នកទាំងពីរនោះមកជួបព្រះអង្គ គេទូលព្រះអង្គថា៖ «លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរលោកថា "តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត"»? នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។ កាលអ្នកនាំសាររបស់លោកយ៉ូហានបានចេញទៅ ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់មហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយត្រូវខ្យល់ឬ? តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយរស់នៅដោយប្រណិត គេនៅក្នុងដំណាក់ស្តេចឯណោះ។ ដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់វិសេសជាងហោរាទៅទៀត។ ដ្បិតគឺអ្នកនេះហើយ ដែលមានសេចក្តីចែងទុកអំពីគាត់ថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក" ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រីមក គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងព្រះរាជ្យរបស់ព្រះ អ្នកនោះធំជាងគាត់ហើយ»។ (កាលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធបានឮសេចក្ដីនេះ គេក៏ប្រកាសថា ព្រះទ្រង់សុចរិត ដោយបានទទួលពិធីជ្រមុជទឹកពីលោក។ ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។ «ដូច្នេះ តើខ្ញុំត្រូវប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើគេជាមនុស្សប្រភេទណា? គឺគេប្រៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំទេ យើងបានស្មូត្របទទំនួញ តែឯងមិនបានយំសោះ"។ ដ្បិតលោកយ៉ូហាន-បាទីស្ទបានមកមិនបរិភោគនំប៉័ង មិនផឹកស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា "គាត់មានអារក្សចូល"។ កូនមនុស្សបានមកទាំងបរិភោគ ទាំងផឹក ហើយអ្នករាល់គ្នាថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប"។ ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលទាំងប៉ុន្មានដែលខ្លួនបង្កើត»។
លូកា 7:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។ ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ព្រះអង្គយាងចូលទៅជិត ព្រះអង្គពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមមួយរូបបានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮ ពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។ សិស្សរបស់លោកយ៉ូហានបានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ត*ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញដែរ។ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ” ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត»។ ប្រជាជនទាំងមូល និងអ្នកទារពន្ធ*បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក*ពីលោក។ រីឯពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*មិនទទួលស្គាល់គម្រោងការ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាថា លោកមានអារក្សចូល។ រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
លូកា 7:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ នោះមានបាវសំណប់របស់មេទ័ពម្នាក់ វាឈឺហៀបនឹងស្លាប់ លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សំរាប់យើងរាល់គ្នា ព្រះយេស៊ូវក៏យាងទៅជាមួយនឹងគេ កាលហៀបនឹងដល់ផ្ទះហើយ នោះមេទ័ពចាត់ពួកសំឡាញ់ឲ្យមកទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះទ័យឡើយ មិនគួរនឹងឲ្យទូលបង្គំទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ គឺដោយហេតុនោះបានជាទូលបង្គំមិនបានរាប់ខ្លួនថា គួរនឹងមកឯទ្រង់ដែរ សូមទ្រង់គ្រាន់តែមានបន្ទូល១ព្រះឱស្ឋប៉ុណ្ណោះចុះ នោះបាវទូលបង្គំបានជាហើយ ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ វាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម កាលព្រះយេស៊ូវបានឮសេចក្ដីទាំងនោះ ទ្រង់ក៏មានសេចក្ដីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ ឯពួកអ្នកដែលលោកបានចាត់ឲ្យមក គេក៏ត្រឡប់ទៅផ្ទះវិញ ឃើញបាវដែលឈឺនោះបានជាហើយ។ ដល់ថ្ងៃក្រោយមក ទ្រង់យាងទៅឯក្រុង១ហៅថា ណាអ៊ីន មានទាំងពួកសិស្ស នឹងមនុស្សសន្ធឹកទៅដែរ កាលចូលទៅជិតដល់ទ្វារកំផែងក្រុង នោះឃើញគេសែងខ្មោចចេញមក ជាខ្មោចកូនតែ១ ដែលម្តាយនៅមេម៉ាយ ហើយមានមនុស្សក្រុងនោះជាច្រើនហែមកជាមួយនឹងគាត់ កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានបន្ទូលថា កុំយំអី រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ ពាក្យគេថ្លែងពីទ្រង់នេះ បានឮសុសសាយពេញទួទៅក្នុងស្រុកយូដា នឹងស្រុកនៅជុំវិញទាំងអស់។ ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត នៅវេលានោះឯង ទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា នឹងមនុស្សអារក្សអសោចិ៍ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។ កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយនឹងខ្យល់ឬអី តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើលមនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអី មើល ពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើល អញចាត់ទូតអញទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង» ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងពួកមនុស្សដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរព្រះ នោះក៏ធំជាងគាត់ហើយ ឯបណ្តាជន នឹងពួកអ្នកយកពន្ធទាំងប៉ុន្មាន ដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់ តែពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះដំរិះ ដែលដំរូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជពីគាត់វិញ នោះព្រះអម្ចាស់មានបន្ទូលថា តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី តើគេដូចជាអ្វី គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយ ឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើតទាំងប៉ុន្មាន។