លូកា 7:1-10
លូកា 7:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះឲ្យបណ្តាជនស្តាប់រួចហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ពេលនោះ មានបាវបម្រើសំណព្វរបស់មេទ័ពរ៉ូមម្នាក់ ឈឺហៀបនឹងស្លាប់។ ពេលលោកមេទ័ពនោះបានឮគេនិយាយអំពីព្រះយេស៊ូវ គាត់ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសបាវបម្រើរបស់គាត់។ កាលគេបានទៅជួបព្រះយេស៊ូវហើយ គេទទូចអង្វរព្រះអង្គថា៖ «មេទ័ពនោះស័ក្ដិសមនឹងទទួលការប្រោសប្រណីពីលោក ដ្បិតគាត់ស្រឡាញ់សាសន៍របស់យើង ហើយបានសង់សាលាប្រជុំមួយឲ្យយើង»។ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ តែកាលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ មេទ័ពនោះចាត់មិត្តសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះហឫទ័យឡើយ ដ្បិតទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ ហេតុនេះហើយបានជាទូលបង្គំមិនហ៊ានមកជួបព្រះអង្គ។ ប៉ុន្តែ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះចុះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយមិនខាន។ ដ្បិតទូលបង្គំក៏នៅក្រោមអំណាចគេ ទាំងមានទាហាននៅក្រោមអំណាចទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា "ទៅ" គេក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា "មក" គេក៏មក ហើយប្រាប់ទៅបាវបម្រើថា "ធ្វើការនេះ" បាវបម្រើនោះក៏ធ្វើតាម»។ កាលព្រះយេស៊ូវបានឮដូច្នេះ ព្រះអង្គមានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញមានជំនឿដូច្នេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក៏ដោយ»។ ពេលអស់អ្នកដែលលោកបានចាត់ឲ្យមក ត្រឡប់ទៅដល់ផ្ទះវិញ គេឃើញបាវបម្រើនោះជាសះស្បើយ។
លូកា 7:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
លូកា 7:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ នោះមានបាវសំណប់របស់មេទ័ពម្នាក់ វាឈឺហៀបនឹងស្លាប់ លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សំរាប់យើងរាល់គ្នា ព្រះយេស៊ូវក៏យាងទៅជាមួយនឹងគេ កាលហៀបនឹងដល់ផ្ទះហើយ នោះមេទ័ពចាត់ពួកសំឡាញ់ឲ្យមកទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះទ័យឡើយ មិនគួរនឹងឲ្យទូលបង្គំទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ គឺដោយហេតុនោះបានជាទូលបង្គំមិនបានរាប់ខ្លួនថា គួរនឹងមកឯទ្រង់ដែរ សូមទ្រង់គ្រាន់តែមានបន្ទូល១ព្រះឱស្ឋប៉ុណ្ណោះចុះ នោះបាវទូលបង្គំបានជាហើយ ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ វាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម កាលព្រះយេស៊ូវបានឮសេចក្ដីទាំងនោះ ទ្រង់ក៏មានសេចក្ដីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ ឯពួកអ្នកដែលលោកបានចាត់ឲ្យមក គេក៏ត្រឡប់ទៅផ្ទះវិញ ឃើញបាវដែលឈឺនោះបានជាហើយ។