លូកា 6:27-38

លូកា 6:27-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។ «កុំ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ។ ចូរ​ឲ្យ​ទៅ​គេ នោះ​គេ​នឹងឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។

ចែក​រំលែក
អាន លូកា 6

លូកា 6:27-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះអង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា​ដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។ «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះអង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។

ចែក​រំលែក
អាន លូកា 6

លូកា 6:27-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក ឯ​អ្នក​ណា​ដែល​ទះ​កំភ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ នឹង​មនុស្ស​អាក្រក់​ដែរ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដែរ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។

ចែក​រំលែក
អាន លូកា 6

លូកា 6:27-38

លូកា 6:27-38 គខបលូកា 6:27-38 គខប