លូកា 5:27-31

លូកា 5:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់​ឈ្មោះ លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។

ចែក​រំលែក
អាន លូកា 5

លូកា 5:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ទុក​អ្វីៗ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។

ចែក​រំលែក
អាន លូកា 5

លូកា 5:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង នឹង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ

ចែក​រំលែក
អាន លូកា 5