លូកា 5:12-32
លូកា 5:12-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកជាស្អាតបរិសុទ្ធមែន»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនជាពីជំងឺផ្សេងៗផង។ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។ ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី* និងពួកអាចារ្យអង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ព្រះអង្គប្រោសអ្នកជំងឺឲ្យជា។ ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វីបានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្ស*មានអំណាចនឹងអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះរួចពីបាបបាន -ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា- ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ អស់អ្នកដែលនៅទីនោះស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ព្រះអង្គទតឃើញអ្នកទារពន្ធ*ម្នាក់ឈ្មោះ លេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*ពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស*របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្តគំនិត»។
លូកា 5:12-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។ ព្រះអង្គហាមគាត់មិនឲ្យប្រាប់អ្នកណាឡើយ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយដោយព្រោះអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក»។ ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។ ប៉ុន្តែ ព្រះអង្គបានយាងចេញទៅកន្លែងស្ងាត់ ហើយអធិស្ឋានវិញ។ ថ្ងៃមួយ កាលព្រះអង្គកំពុងតែបង្រៀន មានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ អ្នកទាំងនោះមកពីគ្រប់ភូមិនៅស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម ហើយព្រះចេស្តារបស់ព្រះអម្ចាស់នៅជាមួយព្រះអង្គ ដើម្បីប្រោសឲ្យជា ហើយមើល៍ មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមក។ គេព្យាយាមនាំគាត់ចូលមកដាក់នៅមុខព្រះយេស៊ូវ តែគេរកផ្លូវនាំគាត់ចូលពុំបានសោះ ដោយព្រោះមហាជន។ គេក៏ឡើងទៅលើ រើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែស្នែង ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូវ។ ពេលព្រះអង្គឃើញជំនឿរបស់គេ នោះទ្រង់មានព្រះបន្ទូលថា៖ «អ្នកអើយ បាបអ្នកបានទទួលការអត់ទោសហើយ»។ ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្ដើមរិះគិតគ្នាថា៖ «តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ? ក្រៅពីព្រះមួយអង្គ តើអ្នកណាអាចអត់ទោសបាបបាន?» កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ? ដ្បិតដែលថា៖ "បាបអ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង?» ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើង) ខ្ញុំប្រាប់អ្នកថា៖ «ចូរក្រោកឡើង ហើយយកគ្រែរបស់អ្នកដើរទៅផ្ទះទៅ»។ រំពេចនោះ គាត់ក៏ក្រោកឈរឡើងនៅមុខគេ លើកគ្រែដែលគាត់បានដេក ហើយដើរទៅផ្ទះ ទាំងសរសើរតម្កើងព្រះ។ គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។ ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គក៏យាងចេញទៅ ហើយឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ទុកអ្វីៗទាំងអស់ចោល ហើយដើរតាមព្រះអង្គទៅ។ បន្ទាប់មក លេវីបានរៀបជប់លៀងយ៉ាងធំថ្វាយព្រះអង្គនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធច្រើនកុះករ ព្រមទាំងមនុស្សឯទៀតអង្គុយរួមតុជាមួយពួកគេ។ ពួកអាចារ្យ និងពួកផារិស៊ីរអ៊ូរទាំប្រាប់សិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នកបរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបឲ្យប្រែចិត្តវិញ»។
លូកា 5:12-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។ មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា នឹងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់នៅចំពោះទ្រង់ តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។ ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។