លូកា 3:1-6

លូកា 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុន‌ទាស-ពីឡាត់ ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​តំបន់​អ៊ីទូ‌រេ និង​ត្រាខូនីត ហើយ​លីសានាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សម្តេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន។ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ពាស​ពេញ​ក្នុង​តំបន់​ជុំ‌វិញ​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ទឹក​ខាង​ឯ​ការ​ប្រែ​ចិត្ត សម្រាប់​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា៖ «មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ ។ គ្រប់​ទាំង​ច្រក​ភ្នំ​ត្រូវ​លុប​បំពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​ត្រូវ​ពង្រាប​ឲ្យ​រាប ផ្លូវ​វៀច​ត្រូវ​តម្រង់​ឲ្យ​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​ធ្វើ​ឲ្យ​ស្មើ នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ ការ​សង្គ្រោះ​របស់​ព្រះ"»។

ចែក​រំលែក
អាន លូកា 3

លូកា 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ើរ លោក​ប៉ុនទាស-‌ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ណាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។ ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះ‌ជាម្ចាស់»។

ចែក​រំលែក
អាន លូកា 3

លូកា 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​កាលី‌ឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អ៊ីទូរេ នឹង​នៅ​ក្រវល់​ស្រុក​ត្រាខូ‌នីត លីសា‌នាស ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អាប៊ីលេន ហើយ​ក្នុង​កាល​ដែល​លោក​អាណ នឹង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំ‌វិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិច‌ក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ»។

ចែក​រំលែក
អាន លូកា 3