លូកា 24:36-49
លូកា 24:36-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកគេកំពុងនិយាយពីការនេះ ព្រះយេស៊ូវក៏ឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ប៉ុន្ដែ គេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ? ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន។ ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទព្រះអង្គឲ្យគេឃើញ។ កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?» គេក៏យកត្រីអាំងមួយដុំ និងសំណុំឃ្មុំមកថ្វាយព្រះអង្គ ហើយព្រះអង្គទទួលយកមកសោយនៅមុខពួកគេ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។ ពេលនោះ ព្រះអង្គក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល៍! ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា។ ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម រហូតដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា»។
លូកា 24:36-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលសិស្សទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។ គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ? ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និងព្រះបាទាឲ្យគេឃើញ។ សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ*របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី* និងក្នុងគម្ពីរទំនុកតម្កើង * ត្រូវតែកើតមាន»។ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឲ្យយល់អត្ថន័យគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ត*ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធានុភាព»។
លូកា 24:36-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តចុះ តែគេភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ចូរមើលមកដៃនឹងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ លុះទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត នឹងព្រះបាទទ្រង់ដល់គេ កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្ដីអំណរ នឹងសេចក្ដីអស្ចារ្យ នោះទ្រង់មានបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ គេក៏យកត្រីអាំង១ដុំ នឹងសំណុំឃ្មុំមកថ្វាយទ្រង់ រួចទ្រង់យកទៅសោយនៅមុខគេ ក៏មានបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល ខ្ញុំនឹងឲ្យសេចក្ដីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។