លូកា 24:25-32
លូកា 24:25-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខនឹងការទាំងនេះ ហើយចូលទៅក្នុងសិរីល្អរបស់ព្រះអង្គទេឬ?» បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។ លុះគេដើរជិតដល់ភូមិដែលគេបម្រុងនឹងទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស តែគេឃាត់ព្រះអង្គថា៖ «សូមនៅជាមួយយើងខ្ញុំសិន ព្រោះល្ងាច ថ្ងៃទាបណាស់ហើយ»។ ដូច្នេះ ព្រះអង្គក៏យាងចូលទៅគង់ជាមួយគេ។ ពេលគង់នៅតុជាមួយគ្នា ព្រះអង្គយកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។ គេនិយាយគ្នាថា៖ «តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់មានព្រះបន្ទូលមកកាន់យើង ហើយសម្តែងពីបទគម្ពីរប្រាប់យើង នៅតាមផ្លូវនោះទេឬ?»
លូកា 24:25-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។ ព្រះគ្រិស្ត*ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។ លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។ ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។ គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។
លូកា 24:25-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់មានបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្ដី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី