លូកា 23:50-56
លូកា 23:50-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានបុរសម្នាក់ឈ្មោះយ៉ូសែប ជាមនុស្សល្អ ហើយសុចរិត គាត់ជាសមាជិកមួយរូបរបស់ក្រុមប្រឹក្សា។ លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយពួកគេទេ លោកមកពីក្រុងអើរីម៉ាថេ ជាក្រុងរបស់សាសន៍យូដា ហើយលោកកំពុងរង់ចាំព្រះរាជ្យរបស់ព្រះ។ លោកទៅជួបលោកពីឡាត់ ដើម្បីសុំយកព្រះសពព្រះយេស៊ូវ។ ពេលយកព្រះសពចុះមកបានហើយ នោះក៏រុំនឹងសំពត់ទេសឯក យកទៅបញ្ចុះក្នុងផ្នូរមួយ ដែលគេដាប់ក្នុងថ្ម ហើយមិនទាន់មានបញ្ចុះសពណានៅឡើយ។ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃសប្ប័ទហើយ។ ពួកស្រ្តីដែលមកពីស្រុកកាលីឡេជាមួយព្រះអង្គ ក៏តាមទៅឃើញផ្នូរ និងសណ្ឋានដែលគេបញ្ចុះព្រះសពព្រះអង្គដែរ។ បន្ទាប់មក គេវិលត្រឡប់ទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃសប្ប័ទ តាមព្រះឱវាទ។
លូកា 23:50-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់*មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត* ហើយទន្ទឹងរង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់។ លោកពុំបានយល់ស្របជាមួយគេលើការសម្រេចចិត្តធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្តនោះដែរ។ លោកបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ហើយថ្ងៃសប្ប័ទ*ជិតមកដល់។ ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។ បន្ទាប់មក ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។
លូកា 23:50-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយមើល មានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត (លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ លោកទៅឯលោកពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ កាលបានយកព្រះសពចុះមកហើយ នោះក៏រុំនឹងសំពត់ទេសឯក នាំទៅបញ្ចុះក្នុងផ្នូរដាប់ក្នុងថ្ម ដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។ ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ នឹងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប នឹងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។