លូកា 23:1-7

លូកា 23:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។ គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ត* គឺ​ជា​ស្ដេច»។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។ លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ* និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។ ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជា‌ជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ​រហូត​មក​ដល់​ទី​នេះ»។ លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។ កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។

ចែក​រំលែក
អាន លូកា 23

លូកា 23:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ទាំង​អស់​ក៏​ក្រោក​ឡើង នាំ​ព្រះយេស៊ូវ​ទៅ​លោក​ពីឡាត់។ ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ?» ព្រះ‌អង្គ​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ លោក​ពីឡាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សង្គ្រាជ និង​មហា‌ជន​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ»។ ប៉ុន្តែ គេ​នៅ​តែ​និយាយ​ទទូច​ថា៖ «គាត់​ញុះ‌ញង់​ប្រជា‌ជន ដោយ​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។ ពេល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលីឡេដូច្នេះ នោះ​លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ?» កាល​លោក​ជ្រាប​ថា ព្រះ‌អង្គ​នៅ​ក្នុង​អំណាច​របស់​ព្រះ​បាទ​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ​បាទ​ហេរ៉ូឌ ដែល​ពេល​នោះ ស្ដេចក៏​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

ចែក​រំលែក
អាន លូកា 23

លូកា 23:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់ ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ នឹង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះ‌ញង់​បណ្តាជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ រហូត​មក​ដល់​ទី​នេះ កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលី‌ឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ​អី លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

ចែក​រំលែក
អាន លូកា 23