លូកា 23:1-49

លូកា 23:1-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ទាំង​អស់​ក៏​ក្រោក​ឡើង នាំ​ព្រះយេស៊ូវ​ទៅ​លោក​ពីឡាត់។ ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ?» ព្រះ‌អង្គ​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ លោក​ពីឡាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សង្គ្រាជ និង​មហា‌ជន​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ»។ ប៉ុន្តែ គេ​នៅ​តែ​និយាយ​ទទូច​ថា៖ «គាត់​ញុះ‌ញង់​ប្រជា‌ជន ដោយ​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។ ពេល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលីឡេដូច្នេះ នោះ​លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ?» កាល​លោក​ជ្រាប​ថា ព្រះ‌អង្គ​នៅ​ក្នុង​អំណាច​របស់​ព្រះ​បាទ​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ​បាទ​ហេរ៉ូឌ ដែល​ពេល​នោះ ស្ដេចក៏​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ ពេល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ព្រះ‌អង្គ​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ព្រះ‌អង្គ​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់​ណា​មួយ។ ស្តេច​ទូល​សួរ​ព្រះ‌អង្គ​ជា​ច្រើន ប៉ុន្តែ ព្រះ‌យេស៊ូវ​មិនបាន​ឆ្លើយ​តប​សោះ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​នៅ​ទី​នោះ​ដែរ ពួក​គេ​កំពុង​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង។ លុះ​ព្រះបាទ​ហេរ៉ូឌ និង​ពួក​ទាហាន បាន​ចំអក​មើល​ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​អាវ​យ៉ាង​វិសេស​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ត្រឡប់​ទៅ​លោក​ពីឡាត់​វិញ។ នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ និង​ព្រះបាទ​ហេរ៉ូឌ ក៏​ក្លាយ​ជា​មិត្ត​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​ពីរ​ជា​សត្រូវ​នឹង​គ្នា។ លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន និង​ប្រជា‌ជន​ទាំង​អស់​មក​ជួប​ជុំ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​នេះ​មក​ជួប​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ដែល​នាំ​ឲ្យ​ប្រជា‌ជន​វង្វេង តែ​ឥឡូវ​នេះ ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ។ សូម្បី​តែ​ព្រះ​បាទ​ហេរ៉ូឌ​ក៏​រក​មិន​ឃើញ​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជួប​ទ្រង់ ហើយ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ។ ដូច្នេះ ខ្ញុំ​គ្រាន់​តែ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ] ពួក​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​យក​អ្នក​នេះ​ទៅ ហើយ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ»។ (ឯ​បារ៉ាបាស​នេះ គាត់​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​បង្ករ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​គេ)។ លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​វា ឆ្កាង​វា​ទៅ»។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​បី​ដង​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ឡើយ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​គាត់​ទៅ»។ ប៉ុន្តែ គេ​ស្រែក​ទទូច​កាន់​តែ​ខ្លាំង ទាំង​សុំ​ឲ្យ​ឆ្កាង​ព្រះ‌អង្គ ហើយ​សម្រែក​របស់​អ្នក​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ។ លោក​ពីឡាត់​ក៏​សម្រេច​តាម​ការ​ទាម​ទារ​របស់​គេ។ លោក​ក៏​ដោះ​លែង​អ្នក​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ និង​ការ​សម្លាប់​មនុស្ស​នោះ ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ឲ្យ តាម​ចិត្ត​ប្រាថ្នារបស់​គេ។ ពេល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​បុរស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចម្ការ ហើយ​គេ​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ព្រះ‌អង្គ។ មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង។ ព្រះ‌យេស៊ូវ​ងាក​បែរ​ទៅ មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ស្ត្រី​ទាំង​នោះ​ថា៖ «កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​អាណិត​ខ្ញុំ​អី ចូរ​យំ​អាណិត​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ។ ដ្បិត​នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា "មាន​ពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ណា​ដែល​មិន​បង្កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន"។ នៅ​គ្រា​នោះ គេ​នឹង​ចាប់​ផ្តើម​និយាយ​ទៅ​ភ្នំ​ធំ​ថា "សូម​រលំ​មក​លើ​យើងមក!" ហើយ​ទៅ​ភ្នំ​តូច​ថា "សូម​គ្រប​មក​លើ​យើង​មក!" ដ្បិត​បើ​គេ​ធ្វើ​ដូច្នេះ​ដល់​ដើម​ឈើ​ស្រស់ទៅ​ហើយ ចុះ​ទម្រាំ​បើ​ដើម​ឈើស្ងួត​វិញ នោះ​តើ​នឹង​មាន​អ្វីកើត​ឡើង​ទៅ?»។ គេ​ក៏​នាំ​ឧក្រិដ្ឋ​ជន​ពីរ​នាក់ ទៅ​សម្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ពេល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៍​ក្បាល គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ព្រម​ទាំង​អ្នក​ទោស​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ទៀត​ខាង​ឆ្វេង​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី​ទេ»។ គេ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។ ឯ​ប្រជា‌ជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ក៏​បន្តុះ​បង្អាប់​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ផ្សេង​ទៀត បើ​គាត់​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ»។ ពួក​ទាហាន​ក៏​បង្អាប់​ព្រះ‌អង្គ​ដែរ ហើយ​គេ​យក​ទឹក​ខ្មេះ ទៅ​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​និយាយ​ថា៖ «បើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ នៅ​ពី​លើ​ព្រះ‌អង្គ មាន​អក្សរ​ជា​ភាសា​ក្រិក ឡាតាំង និង​ហេព្រើរ​ថា៖ «នេះ​ជា​ស្តេច​សាសន៍​យូដា»។ រីឯ​អ្នក​ទោស​ម្នាក់​ដែល​ជាប់​ព្យួរ និយាយ​ប្រមាថ​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​ពិត ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​សង្រ្គោះ​យើង​ផង!»។ ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​ថា៖ «តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ? ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។ ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​ខ្ញុំ»។ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​មាន​ងងឹត គ្រប​ពេញ​លើ​ផែនដី រហូត​ដល់​ម៉ោង​បី​រសៀល ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ជា​ពីរ ចំ​ពាក់​កណ្តាល។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល​បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ​វិញ»។ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ‌អង្គ​ក៏​ផុត​ដង្ហើម​ទៅ។ ពេល​មេ​ទ័ព​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង លោក​ក៏​សរសើរ​តម្កើង​ព្រះ ហើយ​ពោល​ថា៖ «មនុស្ស​នេះ​ពិត​ជា​សុចរិត​មែន»។ ឯ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ ក្រោយ​ពី​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង​ដូច្នោះ គេ​ក៏​វិល​ទៅ​ផ្ទះ​វិញ ទាំង​គក់​ទ្រូង។ ឯ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ និង​ពួក​ស្រ្តី​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចម្ងាយ។

ចែក​រំលែក
អាន លូកា 23

លូកា 23:1-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។ គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ត* គឺ​ជា​ស្ដេច»។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។ លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ* និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។ ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជា‌ជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ​រហូត​មក​ដល់​ទី​នេះ»។ លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។ កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។ ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ដ្បិត​ស្ដេច​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ស្ដេច​តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ ហើយ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។ ស្ដេច​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។ ពួក​មហា​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។ ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។ កាល​ពី​មុន ព្រះ‌បាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។ លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ* ពួក​មន្ត្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។ លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា​គាត់​បំបះ‌បំបោរ​ប្រជា‌រាស្ត្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វី​ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។ សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ស្ដេច​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។ គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។ ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។ លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង​មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។ នៅ​ពេល​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចម្ការ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ដើរ​តាម​ក្រោយ​ព្រះ‌យេស៊ូ។ ប្រជា‌ជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ​ផង។ ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។ នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!” ។ បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។ គេ​បាន​នាំ​អ្នក​ទោស ​ពីរ​នាក់​ទៀត​មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។ លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រិស្ត*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន‌ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។ នៅ​ពី​លើ​ព្រះអង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។ អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ត​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។ ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ គេ​ធ្វើ​ទោស​យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូលបង្គំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ*​ជា​មួយ​ខ្ញុំ»។ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែនដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ​ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះអង្គ​វិញ »។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។ អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។

ចែក​រំលែក
អាន លូកា 23

លូកា 23:1-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់ ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ នឹង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះ‌ញង់​បណ្តាជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ រហូត​មក​ដល់​ទី​នេះ កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលី‌ឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ​អី លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សំគាល់​ណា​មួយ នោះ​ស្តេច​មាន​បន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើល‌ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ នឹង​ស្តេច​ហេរ៉ូឌ ក៏​បាន​ជា​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​២​នោះ​បាន​ទាស់‌ទែង​គ្នា។ កាល​លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន នឹង​បណ្តា​មនុស្ស​ទាំង​អស់​មក នោះ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​នេះ​មក​ឯ​ខ្ញុំ ទុក​ជា​មនុស្ស​ដែល​នាំ​បណ្តាជន​ឲ្យ​វង្វេង តែ​មើល ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី តាម​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ ទាំង​ស្តេច​ហេរ៉ូឌ​ក៏​រក​គ្មាន​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ទ្រង់ ហើយ​មើល ទ្រង់​មិន​ថា​ជា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​វាយ​ប្រដៅ រួច​លែង​ឲ្យ​ទៅ​ចុះ ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​តែ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ តែ​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា សូម​យក​មនុស្ស​នេះ​ទៅ ហើយ​លែង​បារ៉ា‌បាស​ឲ្យ​យើង​វិញ ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ការ​សំឡាប់​គេ បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ ប៉ុន្តែ​គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ នឹង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ លោក​ពីឡាត់​កាត់​សំរេច​ទោស​តាម​គេ​សូម រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ នឹង​ការ​សំឡាប់​មនុស្ស ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។ កាល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចំការ ក៏​ដាក់​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ទ្រង់​ទៅ មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង ព្រះ‌យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ដ្បិត​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ នឹង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។ គេ​ក៏​នាំ​ចោរ​កំណាច​២​នាក់ ទៅ​សំឡាប់​ជា​មួយ​នឹង​ទ្រង់​ដែរ កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​រលា​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា ឯ​បណ្តាជន​ដែល​ឈរ​មើល នឹង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង នឹង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។ រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង ប៉ុន្តែ​ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ត្រឡប់​ទៅ​ជា​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល នោះ​ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ‌ហស្ត​ទ្រង់​វិញ កាល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។ កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ នឹង​ពួក​ស្រីៗ​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។

ចែក​រំលែក
អាន លូកា 23