លូកា 22:7-20

លូកា 22:7-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង។ ដូច្នេះ ព្រះយេស៊ូវ​បាន​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សម្រាប់​ពួក​យើង​បរិ‌ភោគ»។ តែ​គេ​ទូល​សួរ​ថា៖ «តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សូម​ស្តាប់! កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា ‘តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា?’" នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់‌ប្រដា។ ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ»។ គេ​ក៏​ទៅ បាន​ឃើញ​ដូច​ព្រះ‌អង្គ​បាន​ប្រាប់​មែន ហើយ​គេ​ក៏​រៀបចំ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ហើយ ព្រះយេស៊ូវ​ក៏​គង់​នៅ​តុ​ជា​មួយ​ពួក​សាវក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​អាហារ​បុណ្យ​នេះ​ទៀត​ទេ រហូត​ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ព្រះ‌អង្គ​បាន​យក​ពែង​មួយ​មក​កាន់ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ពិសា​ចុះ ដ្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ព្រះរាជ្យ​របស់​ព្រះ​មក​ដល់»។ បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន លូកា 22

លូកា 22:7-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ*​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា សម្រាប់​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់‌លៀង​សម្រាប់​យើង នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។ អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​នៅ​កន្លែង​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​ឲ្យ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់‌លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង​នៅ​ឯ​ណា?”។ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ ដែល​រៀបចំ​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន។ គេ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង*។ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌យេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក* ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់»។ ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មក​ដល់»។ បន្ទាប់​មក ព្រះអង្គ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ព្រះអង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី​ចង​ឡើង ដោយ‌សារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន លូកា 22

លូកា 22:7-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង នោះ​ទ្រង់​ចាត់​ពេត្រុស នឹង​យ៉ូហាន​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា ទ្រង់​ក៏​ប្រាប់​ថា មើល កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល ហើយ​គេ​រៀបចំ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា

ចែក​រំលែក
អាន លូកា 22