លូកា 22:47-53
លូកា 22:47-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្ស*មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស*ឬអី?»។ ពួកអ្នកនៅជាមួយព្រះយេស៊ូឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យជាដូចដើមវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ* មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យ*ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
លូកា 22:47-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កំពុងដែលព្រះយេស៊ូវមានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ជាអ្នកនាំមុខគេ។ គាត់ចូលមកជិតព្រះយេស៊ូវ ដើម្បីថើបព្រះអង្គ តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?» ពេលពួកអ្នកដែលនៅជុំវិញព្រះអង្គ ឃើញហេតុការណ៍ដែលហៀបនឹងកើតមកដូច្នេះ គេក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! តើត្រូវឲ្យយើងខ្ញុំយកដាវកាប់គេឬ?» មានសិស្សម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើសម្តេចសង្ឃដាច់ស្លឹកត្រចៀកខាងស្តាំ។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។ បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ? ខ្ញុំនៅជាមួយអ្នករាល់គ្នា ក្នុងព្រះវិហាររាល់ថ្ងៃ អ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់អ្នករាល់គ្នាហើយ និងជាអំណាចនៃសេចក្តីងងឹតផង!»។
លូកា 22:47-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងពួក១២ ក៏នាំមុខគេ វាចូលមកជិត ដើម្បីថើបព្រះយេស៊ូវ តែទ្រង់មានបន្ទូលទៅវាថា យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើប១ខ្សឺតឬអី កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវមានបន្ទូលថា ចូរឈប់ប៉ុណ្ណឹងចុះ រួចទ្រង់ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ នឹងពួកចាស់ទុំដែលមកចាប់ទ្រង់ថា តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរឬអី កាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ក្នុងព្រះវិហាររាល់តែថ្ងៃ នោះអ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្ដីងងឹតផង។