លូកា 22:35-71

លូកា 22:35-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​របស់​ខ្លួន ហើយ​ទិញ​ដាវ​មួយ​មក។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា "គេ​បាន​រាប់​ព្រះ‌អង្គ​ជា​ពួក​ទទឹង​ច្បាប់" នោះ​ត្រូវ​តែ​បាន​សម្រេច​ក្នុង​ខ្ញុំ ដ្បិត​គ្រប់​សេចក្តី​ដែល​ចែង​ទុក​អំពី​ខ្ញុំ ត្រូវ​តែ​បាន​សម្រេច»។ ពួក​គេ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! មើល៍ នៅ​ទី​នេះ​មាន​ដាវ​ពីរ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​ល្មម​ហើយ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ។ ពេល​ដល់​កន្លែង​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​អ្នក​រាល់​គ្នា​ចាញ់​សេចក្តី​ល្បួង»។ បន្ទាប់មក ព្រះ‌អង្គ​យាង​ចេញ​ពី​គេ​ទៅ ចម្ងាយ​ប្រហែល​ជា​គេ​ចោល​ថ្ម​មួយ​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ ពេល​នោះ មាន​ទេវតា​លេច​មក​ពី​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​ឃើញ ហើយ​ចម្រើន​កម្លាំង​ថ្វាយ​ព្រះ‌អង្គ។ ដោយ​ព្រះ‌អង្គ​កើត​ទុក្ខ​ជា​ខ្លាំង ព្រះ‌អង្គ​ក៏​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ហើយ​ញើស​របស់​ព្រះ‌អង្គ​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ធំៗ​ស្រក់​ចុះ​លើ​ដី។ ពេល​ព្រះ‌អង្គ​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​រក​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ចាញ់​ការ​ល្បួង»។ កំពុង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ជា​អ្នក​នាំ​មុខ​គេ។ គាត់​ចូល​មក​ជិតព្រះយេស៊ូវ ដើម្បី​ថើប​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​មួយ​ខ្សឺត​ដូច្នេះ​ឬ?» ពេល​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យក​ដាវ​កាប់​គេ​ឬ?» មាន​សិស្ស​ម្នាក់​ក្នុង​ពួក​គេ បាន​កាប់​បាវ​បម្រើ​សម្តេច​សង្ឃ​ដាច់​ស្លឹក​ត្រចៀក​ខាង​ស្តាំ។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឈប់​ប៉ុណ្ណឹង​ចុះ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ។ បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់​ទុំ​ដែល​មក​ចាប់​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ? ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់​គ្នា​ហើយ និង​ជា​អំណាច​នៃ​សេចក្តី​ងងឹត​ផង!»។ គេ​ក៏​ចាប់​ព្រះ‌អង្គ​នាំ​ទៅ​ដល់​ដំណាក់​សម្តេច​សង្ឃ ឯ​ពេត្រុស គាត់​ដើរ​តាម​ពី​ចម្ងាយ​ដែរ។ ពេល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ទី‌លាន អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​គេ​ដែរ។ មាន​ស្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សម្លឹង​មើល ហើយ​និយាយ​ថា៖ «អ្នក​នេះ​ក៏​នៅ​ជា​មួយ​គាត់​នោះ​ដែរ»។ ប៉ុន្តែ គាត់​ប្រ‌កែក​ថា៖ «នាង​អើយ ខ្ញុំ​មិន​ស្គាល់​គាត់​ទេ»។ បន្តិច​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​និយាយ​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​នោះ​ដែរ»។ តែ​ពេត្រុស​ឆ្លើយ​ថា៖ «អ្នក​អើយ មិន​មែន​ខ្ញុំ​ទេ»។ ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​អ្នក​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលីឡេ​ដូច​គ្នា»។ ពេត្រុស​ប្រ‌កែក​ថា៖ «អ្នក​អើយ ខ្ញុំ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ទេ» កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង។ ព្រះ‌អម្ចាស់​បែរ​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មុន​ដែល​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ គាត់​ចេញ​ទៅ​ក្រៅ ហើយ​យំ​យ៉ាង​ក្តុក‌ក្តួល។ ឯ​ពួក​អ្នក​ដែល​យាម​ព្រះ‌យេស៊ូវ គេ​ចាប់​ផ្តើម​ចំអក និង​វាយ​តប់​ព្រះ‌អង្គ ហើយ​ខ្ទប់​ព្រះ‌នេត្រ ទះ​កំផ្លៀង​ព្រះ‌អង្គ ដោយ​ទូល​ថា៖ «ចូរ​ទាយ​មើល តើ​អ្នក​ណា​វាយ​ឯង?»។ គេ​ជេរ​ប្រមាថ​ព្រះ‌អង្គដោយ​ពាក្យ​ជា​ច្រើន​ថែម​ទៀត។ ដល់​ព្រឹក​ឡើង ពួក​ចាស់​ទុំ​លើ​ប្រជា‌ជន ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ប្រជុំ​គ្នា គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​ក្រុម​ប្រឹក្សា​របស់​គេ សួរ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក​មើល៍» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជម្រាប​អស់​លោក​ទាំង​អស់​គ្នា ក៏​អស់​លោក​មិន​ជឿ​ខ្ញុំ​ដែរ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ប៉ុន្តែ អំណឹះ​ត​ទៅ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះ‌ចេស្តា​នៃ​ព្រះ» នោះ​ទាំង​អស់​គ្នា​សួរ​ថា៖ «ដូច្នេះ អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ដូច្នោះ គឺ​ខ្ញុំ​នេះ​ហើយ»។ គេ​ក៏​និយាយ​ថា៖ «តើ​ចាំ​បាច់​ត្រូវ​ការ​បន្ទាល់​អ្វី​ទៀត? ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​វា​ហើយ!»។

ចែក​រំលែក
អាន លូកា 22

លូកា 22:35-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់​ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម​ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា “គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ” ។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។ កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះអង្គ​លុត​ជង្គង់​ចុះ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​ឲ្យ​ព្រះអង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។ ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ​ដូច​ជា​តំណក់​ឈាម ស្រក់​ចុះ​ដល់​ដី។ កាល​ព្រះអង្គ​ទូល‌អង្វរ​រួច​ហើយ ព្រះអង្គ​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង»។ នៅ​ពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។ ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឲ្យ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។ សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ*​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ដូច​ដើម​វិញ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ​ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។ ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។ គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។ ពួក​អ្នក​យាម​ព្រះ‌យេស៊ូ​ចំអក​ដាក់​ព្រះអង្គ ហើយ​វាយ​តប់​ព្រះអង្គ​ផង។ គេ​យក​ក្រណាត់​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។ រួច​គេ​ជេរ​ប្រមាថ​ព្រះអង្គ​ជា​ច្រើន​ថែម​ទៀត​ផង។ លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។ ពួក​គេ​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រិស្ត*​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព »។ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។

ចែក​រំលែក
អាន លូកា 22

លូកា 22:35-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ​ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់ រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​បន្ទូល​ថា អើ ល្មម​ហើយ។ កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត‌តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ។ កំពុង​ដែល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​នាំ​មុខ​គេ វា​ចូល​មក​ជិត ដើម្បី​ថើប​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី កាល​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​ផង​អ្នក​រាល់​គ្នា​ទេ ហើយ​ជា​អំណាច​នៃ​សេចក្ដី​ងងឹត​ផង។ គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ កាល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ព្រះ‌លាន ហើយ​អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​នឹង​គេ​ដែរ មាន​ស្រី​បំរើ​ម្នាក់ ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សំឡឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ តែ​គាត់​ប្រកែក​ថា នាង​អើយ ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ក្រោយ​បន្តិច​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ក៏​ថា អ្នក​ឯង​ជា​ពួក​នោះ​ដែរ តែ​ពេត្រុស​ឆ្លើយ​ថា អ្នក​អើយ ខ្ញុំ​មិន​មែន​ទេ រួច​ប្រហែល​ជា​១​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​ថា អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលី‌ឡេ​ដូច​គ្នា តែ​ពេត្រុស​ប្រកែក​ថា អ្នក​អើយ ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មាន​បន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល។ ឯ​ពួក​មនុស្ស​ដែល​រក្សា​ព្រះ‌យេស៊ូវ គេ​ចំអក​ឲ្យ ហើយ​វាយ​ទ្រង់ ក៏​ខ្ទប់​ព្រះ‌នេត្រ ហើយ​ទះ​កំផ្លៀង​ទ្រង់ ដោយ​ទូល​ថា ចូរ​ទាយ​ចុះ តើ​អ្នក​ណា​បាន​ទះ​ឯង គេ​ក៏​ពោល​ពាក្យ​ប្រមាថ​ទ្រង់​ជា​ច្រើន​ទៅ​ទៀត​ដែរ។ ដល់​ព្រឹក​ឡើង នោះ​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន ព្រម​ទាំង​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា ហើយ​គេ​នាំ​ទ្រង់​មក​ក្នុង​ក្រុម‌ជំនុំ សួរ​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​ខ្ញុំ​ជំរាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ ហើយ​បើ​ខ្ញុំ​សួរ​លោក​វិញ នោះ​ក៏​មិន​ព្រម​ឆ្លើយ​មក​ខ្ញុំ ឬ​លែង​ឲ្យ​ខ្ញុំ​ទៅ​ដែរ អំណឹះ​ទៅ​មុខ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះ‌ចេស្តា​នៃ​ព្រះ នោះ​ទាំង​អស់​គ្នា​និយាយ​ឡើង​ថា ដូច្នេះ ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា លោក​រាល់​គ្នា​មាន​ប្រសាសន៍​ដូច្នោះ នោះ​គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​និយាយ​ថា តើ​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​អ្វី​ទៀត ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​ខ្លួន​វា​មក​ស្រាប់​ហើយ។

ចែក​រំលែក
អាន លូកា 22