លូកា 22:14-23

លូកា 22:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ពេល​ហើយ ព្រះយេស៊ូវ​ក៏​គង់​នៅ​តុ​ជា​មួយ​ពួក​សាវក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​អាហារ​បុណ្យ​នេះ​ទៀត​ទេ រហូត​ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ព្រះ‌អង្គ​បាន​យក​ពែង​មួយ​មក​កាន់ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ពិសា​ចុះ ដ្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ព្រះរាជ្យ​របស់​ព្រះ​មក​ដល់»។ បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។ មួយ​ទៀត មើល៍! អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​ខ្ញុំ​ដែរ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​កំណត់​ទុក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ»។ ពេល​នោះ គេ​ចាប់​ផ្តើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។

ចែក​រំលែក
អាន លូកា 22

លូកា 22:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌យេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក* ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់»។ ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មក​ដល់»។ បន្ទាប់​មក ព្រះអង្គ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ព្រះអង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី​ចង​ឡើង ដោយ‌សារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។ ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន»។ ពេល​នោះ ពួក​សិស្ស*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។

ចែក​រំលែក
អាន លូកា 22

លូកា 22:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា មួយ​ទៀត មើល ដៃ​នៃ​អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ដែរ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​សំរេច​មក ប៉ុន្តែ វេទនា​ដល់​មនុស្ស​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ នោះ​គេ​ចាប់​តាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។

ចែក​រំលែក
អាន លូកា 22

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ