លូកា 22:1-34

លូកា 22:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា​បុណ្យ​រំលង នោះ​ជិត​មក​ដល់​ហើយ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ រក​វិធី​យ៉ាង​ណា​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។ ពេល​នោះ អារក្ស​សាតាំង​បាន​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ។ គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​គាត់។ យូដាស​យល់​ព្រម ហើយ​រក​ឱកាស​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ ពេលណា​គ្មាន​បណ្តា‌ជននៅ​ក្បែរ។ ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង។ ដូច្នេះ ព្រះយេស៊ូវ​បាន​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សម្រាប់​ពួក​យើង​បរិ‌ភោគ»។ តែ​គេ​ទូល​សួរ​ថា៖ «តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សូម​ស្តាប់! កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា ‘តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា?’" នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់‌ប្រដា។ ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ»។ គេ​ក៏​ទៅ បាន​ឃើញ​ដូច​ព្រះ‌អង្គ​បាន​ប្រាប់​មែន ហើយ​គេ​ក៏​រៀបចំ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ហើយ ព្រះយេស៊ូវ​ក៏​គង់​នៅ​តុ​ជា​មួយ​ពួក​សាវក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​អាហារ​បុណ្យ​នេះ​ទៀត​ទេ រហូត​ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ព្រះ‌អង្គ​បាន​យក​ពែង​មួយ​មក​កាន់ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ពិសា​ចុះ ដ្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ព្រះរាជ្យ​របស់​ព្រះ​មក​ដល់»។ បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។ មួយ​ទៀត មើល៍! អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​ខ្ញុំ​ដែរ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​កំណត់​ទុក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ»។ ពេល​នោះ គេ​ចាប់​ផ្តើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។ ពេល​នោះ មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ តែងត្រួត​ត្រា​លើ​ប្រជារាស្ត្រ ហើយ​ពួក​អ្នក​មាន​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ។ តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ? តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ? ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ។ អ្នក​រាល់​គ្នា​ជា​ពួក​ដែល​នៅ​ជាប់​ជា​មួយ​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក។ ខ្ញុំ​ប្រគល់​ព្រះរាជ្យ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ខ្ញុំ​បាន​ប្រគល់​មក​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​ទាម​ទារ​ចង់​បាន​អ្នក​រាល់​គ្នា ដើម្បី​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ។ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បីកុំ​ឲ្យ​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ។ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ ចូរ​ចម្រើន​កម្លាំង​ឲ្យ​បង‌ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ផង»។ គាត់​ទូលព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រ‌កែក​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។

ចែក​រំលែក
អាន លូកា 22

លូកា 22:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។ ពេល​នោះ មារ‌សាតាំង​បាន​ចូល​យូដាស ហៅ​អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ទាំង​ដប់‌ពីរ​រូប។ យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ មិន​ឲ្យ​បណ្ដា‌ជន​ដឹង​ឡើយ។ លុះ​ដល់​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ*​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា សម្រាប់​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់‌លៀង​សម្រាប់​យើង នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។ អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​នៅ​កន្លែង​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​ឲ្យ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់‌លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង​នៅ​ឯ​ណា?”។ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ ដែល​រៀបចំ​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន។ គេ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង*។ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌យេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក* ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់»។ ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មក​ដល់»។ បន្ទាប់​មក ព្រះអង្គ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ព្រះអង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី​ចង​ឡើង ដោយ‌សារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។ ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន»។ ពេល​នោះ ពួក​សិស្ស*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។ ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំង‌ឡាយ​តែងតែ​ត្រួត‌ត្រា​លើ​ប្រជា‌រាស្ត្រ ហើយ​អ្នក​កាន់​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យ*​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ។ ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បងប្អូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំ‌ឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះអង្គ​រហូត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

ចែក​រំលែក
អាន លូកា 22

លូកា 22:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់ ហើយ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សំឡាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តាជន នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២ រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​នឹង​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។ ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង នោះ​ទ្រង់​ចាត់​ពេត្រុស នឹង​យ៉ូហាន​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា ទ្រង់​ក៏​ប្រាប់​ថា មើល កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល ហើយ​គេ​រៀបចំ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា មួយ​ទៀត មើល ដៃ​នៃ​អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ដែរ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​សំរេច​មក ប៉ុន្តែ វេទនា​ដល់​មនុស្ស​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ នោះ​គេ​ចាប់​តាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។ គេ​ក៏​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ តែ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ‌រាជ្យ​លើ​បណ្តា‌រាស្ត្រ ហើយ​បណ្តាជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បំរើ​ដែរ ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។ ព្រះ‌អម្ចាស់​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង តែ​គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី នោះ​ទ្រង់​មាន​បន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។

ចែក​រំលែក
អាន លូកា 22