លូកា 21:5-24

លូកា 21:5-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង​អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បងប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។

ចែក​រំលែក
អាន លូកា 21

លូកា 21:5-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​អ្នក​ខ្លះ​កំពុង​និយាយ​ពី​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ និង​ដោយ​តង្វាយ​ផ្សេងៗ​ដែល​គេ​បាន​ថ្វាយ​ដល់​ព្រះ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «រីឯ​របស់​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ គឺ​ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​ហេតុ‌ការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជិត​មក​ដល់?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​ពី​សង្គ្រាម និង​ចលា‌ចល នោះ​កុំ​តក់​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ ចុង​បំផុត​មិន​ទាន់​មក​ដល់​ភ្លាមៗ​ទេ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ ហើយ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង។ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​អ្នក​រាល់​គ្នា បៀត​បៀន​អ្នក​រាល់​គ្នា ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​លោក​ទេសា‌ភិបាល ដោយ​ព្រោះ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​នឹង​ត្រឡប់​ជា​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ។ ដូច្នេះ ចូរ​ចង​ចាំ​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។ ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង‌ប្អូន ញាតិ‌សន្តាន ហើយ​មិត្ត​សម្លាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​គេ​នឹង​សម្លាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ។ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ តែ​សូម្បី​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង។ អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន»។ «ពេល​ណា​អ្នក​ឃើញ​ពល‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា ក្រុង​នោះ​ជិត​វិនាស​ហើយ។ គ្រា​នោះ អ្នក​នៅ​ស្រុក​យូដា​ត្រូវ​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ។ ដ្បិត​គ្រា​នោះ​ជា​គ្រា​សង​សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក។ នៅ​គ្រា​នោះ ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ និងស្រ្ដី​ដែល​បំបៅ​កូន នោះ​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្តី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក និង​សេចក្តី​ក្រោធ​ដល់​ប្រជា‌ជន​នេះ។ គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។

ចែក​រំលែក
អាន លូកា 21

លូកា 21:5-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះ‌វិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់‌តែង​ដោយ​ដង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​បន្ទូល​ថា ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់ ទ្រង់​មាន​បន្ទូល​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង នឹង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង នឹង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ នឹង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច នឹង​ចៅហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង ប៉ុន្តែ​ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ‌សា​ទេ ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​នឹង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ ប៉ុន្តែ​ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន។ ប៉ុន្តែ​កាល​ណា​ឃើញ​ពល​ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន‌វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក ឯ​ពួក​ស្រីៗ​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​នឹង​សេចក្ដី​ក្រោធ​ដល់​បណ្តាជន​នេះ គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។

ចែក​រំលែក
អាន លូកា 21