លូកា 20:27-47

លូកា 20:27-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។ ដូច្នេះ មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន។ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅទាំង​គ្មាន​កូន​ដែរ អ្នក​ទី​បី​ក៏​យក​នាង​ទៀត ហើយ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ បាន​យក​នាង​គ្រប់​គ្នា តែ​ស្លាប់​ទៅ​ទាំងគ្មាន​កូន​ដូច​គ្នា​ទាំង​អស់។ ទី​បំផុត នាង​នោះ​ស្លាប់​ទៅ​ដែរ។ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ធម្មតា មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្តី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​បាន​រាប់​ជា​ស័ក្តិ‌សម​នឹង​បាន​ទៅ​ឯ​បរ‌លោក ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​យក​ប្តី​ប្រពន្ធ​ទៀត​ទេ។ គេ​មិន​ចេះ​ស្លាប់​ទេ គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​ដែរ ក្នុង​រឿង​ពី​គុម្ព​បន្លា គឺ​ពេល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​របស់​លោក​អ័​ប្រាហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ។ ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់ ដ្បិត​នៅ​ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់»។ ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​គេ​អាច​និយាយ​ថា​ព្រះ‌គ្រីស្ទ​ជា​ព្រះរាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? ព្រោះ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​រាជ​ឱង្ការ​នៅ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ព្រះ‌អង្គ"។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​អាច​ជា​ព្រះ‌រាជវង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?» ពេល​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ពាក់​អាវ​វែង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​ខ្លួន​នៅ​តាម​ទី​ផ្សារ ចង់​អង្គុយ​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់​លៀង។ តែ​គេ​ឆ​បោក​នៅ​ផ្ទះ​ស្រី​មេម៉ាយ ដោយ​ធ្វើ​ពុត​ជា​សូត្រ​ពាក្យ​អធិស្ឋាន​យ៉ាង​វែង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។

ចែក​រំលែក
អាន លូកា 20

លូកា 20:27-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី*​ខ្លះ​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ។ ឧបមា​ថា មាន​បងប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀបការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀបការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ បន្ទាប់​មក បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​បាន​រៀបការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ​តែ​គ្មាន​កូន​ទេ។ នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។ អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា*។ គេ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប ។ ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះអង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ ពួក​អាចារ្យ*​ខ្លះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ល្អ​ណាស់»។ បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះអង្គ​អំពី​រឿង​អ្វី​ទៀត​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រិស្ត*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ដ្បិត​ក្នុង​គម្ពីរ​ទំនុកតម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។ នៅ​ពេល​ប្រជា‌ជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះអង្គ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។ អ្នក​ទាំង​នោះ​តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។

ចែក​រំលែក
អាន លូកា 20

លូកា 20:27-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់ ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់ នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។ ទ្រង់​ក៏​មាន​បន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​បន្ទូល​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។ កាល​បណ្តាជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រុង​ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ នឹង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ‌សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

ចែក​រំលែក
អាន លូកា 20