លូកា 20:27-40
លូកា 20:27-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ គេមកទូលសួរព្រះយេស៊ូវថា៖ «លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងប្រុសអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីបន្តពូជឲ្យបង ។ ដូច្នេះ មានបងប្អូនប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅទាំងគ្មានកូន។ ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅទាំងគ្មានកូនដែរ អ្នកទីបីក៏យកនាងទៀត ហើយបងប្អូនទាំងប្រាំពីរនាក់ បានយកនាងគ្រប់គ្នា តែស្លាប់ទៅទាំងគ្មានកូនដូចគ្នាទាំងអស់។ ទីបំផុត នាងនោះស្លាប់ទៅដែរ។ ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរនោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ធម្មតា មនុស្សនៅលោកីយ៍នេះ គេតែងយកប្តីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលបានរាប់ជាស័ក្តិសមនឹងបានទៅឯបរលោក ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនយកប្តីប្រពន្ធទៀតទេ។ គេមិនចេះស្លាប់ទេ គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះ ដោយបានរស់ពីស្លាប់ឡើងវិញ។ រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញនោះ លោកម៉ូសេក៏បានបង្ហាញដែរ ក្នុងរឿងពីគុម្ពបន្លា គឺពេលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ។ ដ្បិតព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់ ដ្បិតនៅចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ មានពួកអាចារ្យខ្លះឆ្លើយឡើងថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់»។ ពួកគេក៏លែងហ៊ានទូលសួរព្រះអង្គពីអ្វីទៀតដែរ។
លូកា 20:27-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកខាងគណៈសាឌូស៊ី*ខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន ។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវតា*។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកអាចារ្យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
លូកា 20:27-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង ដូច្នេះ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅឥតកូនដែរ អ្នកទី៣ក៏យកនាងទៀត បណ្តាទាំង៧នាក់នោះក៏យកនាងគ្រប់ៗគ្នា ហើយស្លាប់ទៅឥតមានកូនដូចគ្នាទាំងអស់ ក្រោយបង្អស់មក នាងនោះស្លាប់ទៅដែរ ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា ដ្បិតអ្នកទាំង៧នោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា នោះទ្រង់មានបន្ទូលឆ្លើយថា ធម្មតាមនុស្សនៅលោកីយនេះ គេតែងយកប្ដីប្រពន្ធ តែអស់អ្នកដែលបានរាប់ជាគួរ ឲ្យបានទៅឯបរលោកនាយ ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនដែលយកប្ដីប្រពន្ធទៀតទេ ពីព្រោះគេមិនចេះស្លាប់ទៀត គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់រស់សំរាប់ទ្រង់ នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ រួចគេមិនហ៊ានទូលសួរទ្រង់ទៀតឡើយ។