លូកា 2:8-15
លូកា 2:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់ ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយ រុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖ «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។
លូកា 2:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប។ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។
លូកា 2:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង