លូកា 2:25-33

លូកា 2:25-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។ ព្រះ‌វិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​ពេល​មាតា‌បិតា​នាំ​ព្រះ​ឱរស​ព្រះ‌យេស៊ូវ​ចូល​មក ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ នោះ​គាត់​ក៏​ទទួល​ព្រះ​ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​មនុស្ស​ទាំង​អស់ ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។ រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។

ចែក​រំលែក
អាន លូកា 2

លូកា 2:25-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ហើយ​សម្តែង​ឲ្យ​គាត់​ដឹង​ថា​គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រិស្ត* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ»។ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ចែក​រំលែក
អាន លូកា 2

លូកា 2:25-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មើល នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត‌ខ្លាច​ដល់​ព្រះ គាត់​រង់‌ចាំ​សេចក្ដី​ដោះ​ទុក្ខ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អម្ចាស់ គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ​ដោយ​នូវ​ព្រះ‌វិញ្ញាណ រួច​កាល​មាតា‌បិតា​នាំ​យក​ព្រះ‌យេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រិត្យ‌វិន័យ​ដល់​ទ្រង់ នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ជា​ពន្លឺ​សំរាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរី‌ល្អ របស់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ឯ​យ៉ូសែប នឹង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់

ចែក​រំលែក
អាន លូកា 2