លូកា 2:15-20

លូកា 2:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​ទេវតា​បាន​ចេញ​ពី​ពួក​គេ ត្រឡប់​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​គង្វាល​និយាយ​គ្នា​ថា៖ «ទៅ​យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ ដូច​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង»។ ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ដែល​ពួក​គង្វាល​បាន​ប្រាប់។ ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។ ឯ​ពួក​គង្វាល​ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​ថ្វាយ​សិរី​ល្អ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ ដូច​ជា​ទេវតា​បាន​ប្រាប់។

ចែក​រំលែក
អាន លូកា 2

លូកា 2:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។

ចែក​រំលែក
អាន លូកា 2

លូកា 2:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា នឹង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។

ចែក​រំលែក
អាន លូកា 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ