លូកា 19:1-48
លូកា 19:1-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានយាងចូលទៅក្នុងក្រុងយេរីខូរ ហើយយាងកាត់ទីក្រុង។ នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកទារពន្ធ។ គាត់ខំរកមើលព្រះយេស៊ូវមានភិនភាគយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សច្រើនពេក ហើយគាត់ក៏តូចទាបផង។ ដូច្នេះ គាត់រត់ទៅខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញព្រះយេស៊ូវ ព្រោះព្រះអង្គត្រូវយាងមកតាមផ្លូវនោះ។ ពេលព្រះយេស៊ូវយាងមកដល់ទីនោះ ទ្រង់ក៏ងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក»។ គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ។ ពេលមនុស្សទាំងអស់បានឃើញដូច្នោះ គេរអ៊ូរទាំថា៖ «លោកបានចូលទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សបាប»។ ឯសាខេ ក៏ឈរទូលទ្រង់ថា៖ «មើល៍! ព្រះអម្ចាស់អើយ ទូលបង្គំនឹងចែកទ្រព្យទូលបង្គំពាក់កណ្តាល ឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានបំបាត់អ្វីដល់អ្នកណា នោះទូលបង្គំនឹងសងគេមួយជាបួនវិញ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះអ្នកនេះក៏ជាពូជលោកអ័ប្រាហាំដែរ។ ដ្បិតកូនមនុស្សបានមក ដើម្បីស្វែងរក ហើយសង្គ្រោះមនុស្សបាត់បង់»។ កាលគេកំពុងតែស្តាប់សេចក្តីទាំងនេះនៅឡើយ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយថែមទៀត ដោយព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា ព្រះរាជ្យរបស់ព្រះត្រូវលេចមកភ្លាម។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅស្រុកឆ្ងាយ ដើម្បីទទួលរាជ្យមួយ រួចត្រឡប់មកវិញ។ លោកបានហៅពួកបាវបម្រើដប់នាក់ មកប្រគល់ប្រាក់ដប់ណែន ដល់គេ ដោយផ្ដាំថា "ចូរអ្នករាល់គ្នាធ្វើជំនួញ រហូតដល់ខ្ញុំត្រឡប់មកវិញ"។ ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់តំណាងម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា "យើងខ្ញុំមិនចង់ឲ្យលោកនេះសោយរាជ្យលើយើងទេ"។ ពេលត្រឡប់មកវិញ គឺក្រោយពីបានទទួលរាជ្យនោះហើយ ព្រះរាជាបង្គាប់ឲ្យហៅពួកបាវបម្រើទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីបានចំណេញប៉ុន្មាន។ អ្នកទីមួយចូលមក ហើយទូលថា៖ "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គចំណេញបានដប់ណែនទៀត"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ "ប្រពៃហើយបាវបម្រើល្អអើយ ដោយព្រោះអ្នកមានចិត្តស្មោះត្រង់នឹងការដ៏តូចនេះ ចូរអ្នកត្រួតលើទីក្រុងដប់ចុះ"។ អ្នកទីពីរក៏មកទូលថា "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គបានចំណេញប្រាំណែនទៀត"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះដែរថា "ឯអ្នក ចូរត្រួតលើទីក្រុងប្រាំចុះ"។ ម្នាក់ទៀតមកទូលថា "ព្រះអម្ចាស់អើយ នេះនែ៎ប្រាក់ណែនរបស់ព្រះអង្គ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង ដ្បិតទូលបង្គំនឹកខ្លាចព្រះអង្គ ព្រោះព្រះអង្គជាមនុស្សប្រិតប្រៀប ព្រះអង្គប្រមូលយករបស់ដែលព្រះអង្គមិនបានដាក់ ហើយច្រូតចម្រូតដែលព្រះអង្គមិនបានសាបព្រោះ"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ ហេតុអ្វីបានជាអ្នកមិនបានយកប្រាក់នោះ ទៅដាក់នៅផ្ទះអ្នកចងការ ដើម្បីនៅពេលយើងត្រឡប់មកវិញ យើងអាចទទួលបានទាំងដើមទាំងការ?" ព្រះរាជាបញ្ជាទៅពួកអ្នកដែលឈរនៅមុខលោកថា "ចូរដកយកប្រាក់មួយណែនពីវា ហើយឲ្យដល់អ្នកដែលមានដប់ណែនវិញ"។ (អ្នកទាំងនោះទូលព្រះអង្គថា "ព្រះអម្ចាស់អើយ អ្នកនោះមានដប់ណែនហើយ")។ "យើងប្រាប់អ្នករាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះនឹងហូតយកទាំងរបស់ដែលអ្នកនោះមានផង។ ប៉ុន្តែ ចំពោះពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យយើងសោយរាជ្យលើគេ ចូរនាំគេមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងនេះចុះ"»។ លុះព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ ព្រះអង្គយាងឆ្ពោះទៅមុខ សំដៅឡើងទៅក្រុងយេរូសាឡិម។ ពេលព្រះអង្គយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី នៅក្បែរភ្នំ ហៅថាភ្នំដើមអូលីវហើយនោះ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ត្រូវចូលទៅក្នុងភូមិខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកយកមក។ បើអ្នកណាសួរអ្នកថា "ស្រាយវាធ្វើអី?" ត្រូវឆ្លើយថា "ព្រះអម្ចាស់ត្រូវការវា"»។ ដូច្នេះ អ្នកដែលព្រះអង្គបានចាត់នោះ ក៏បានឃើញដូចជាព្រះអង្គប្រាប់ពួកគេមែន។ ពេលពួកគេកំពុងស្រាយកូនលានោះ ម្ចាស់ក៏សួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» គេឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ គេក៏ដឹកវាទៅថ្វាយព្រះយេស៊ូវ ហើយក្រាលអាវគេលើខ្នង ថ្វាយទ្រង់គង់។ កំពុងដែលព្រះអង្គយាងទៅ ប្រជាជននាំគ្នាយកអាវរបស់ខ្លួនមកក្រាលតាមផ្លូវ។ ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ គេពោលថា «សូមស្តេចដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត!» ។ មានពួកផារិស៊ីខ្លះ ដែលនៅក្នុងចំណោមមនុស្ស គេទូលព្រះអង្គថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។ កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖ «ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។ បន្ទាប់មក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញពួកអ្នកលក់ដូរចេញ ដោយមានព្រះបន្ទូលថា៖ «មានសេចក្តីចែងទុកមកថា "ដំណាក់របស់យើងជាទីសម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានយកធ្វើជារោងចោរទៅវិញ» ។ ព្រះអង្គបង្រៀនក្នុងព្រះវិហាររាល់ថ្ងៃ។ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកអ្នកធំ ក្នុងចំណោមប្រជាជន គេខំនាំគ្នាស្វែងរកឱកាសដើម្បីធ្វើគុតព្រះអង្គ ប៉ុន្តែ គេរកធ្វើអ្វីមិនបានសោះ ព្រោះប្រជាជនកំពុងស្តាប់ព្រះអង្គដោយយកចិត្តទុកដាក់ខ្លាំងណាស់។
លូកា 19:1-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ* គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ*ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែន ម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលព្រះរាជាបានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានប្រាំណែន”។ ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ”។ អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលព្រះអង្គមិនបានសាបព្រោះ”។ ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នកឲ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឲ្យយើងអាចទទួលទាំងដើម ទាំងការ នៅពេលយើងត្រឡប់មកវិញ?”។ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្តិចបន្តួចក៏មិនសល់ផង។ ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។ លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។ សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវា ថ្វាយព្រះអង្គគង់។ នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្តិភាពកើតពីស្ថានបរមសុខ*មក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។ មានអ្នកខាងគណៈផារីស៊ី*ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញទេ។ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ »។ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ* ពួកអាចារ្យ* និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។
លូកា 19:1-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់បានចូលទៅក្នុងក្រុងយេរីខូរ ក៏យាងកាត់ទីក្រុងទៅ នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ គាត់ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ ហើយគាត់ក៏តូចទាបផង ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប ឯសាខេ ក៏ឈរទូលទ្រង់ថា មើល ព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។ កាលគេកំពុងតែស្តាប់សេចក្ដីទាំងនោះនៅឡើយ នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ថែមទៀត ដោយព្រោះជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម ដូច្នេះ ទ្រង់មានបន្ទូលថា មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅឯស្រុកឆ្ងាយ ដើម្បីគ្រងរាជ្យ រួចត្រឡប់មកវិញ ក៏ហៅពួកបាវ១០នាក់ មកប្រគល់ប្រាក់១០ណែនដល់គេ ដោយថា ចូរឯងរាល់គ្នាធ្វើជំនួញ ដរាបដល់អញត្រឡប់មកវិញ ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនិមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់ អ្នកមុនដំបូងក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ១០ណែនទៀត រួចទ្រង់មានបន្ទូលថា ប្រពៃហើយបាវល្អអើយ ដោយព្រោះឯងមានចិត្តស្មោះចំពោះ ក្នុងការបន្តិចបន្តួចនេះ នោះចូរឯងត្រួតលើទីក្រុង១០ចុះ អ្នកទី២ក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ៥ណែនទៀត រួចទ្រង់មានបន្ទូលទៅអ្នកនេះដែរថា ឯឯង ចូរឯងត្រួតលើទីក្រុង៥ចុះ អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ នោះទ្រង់មានបន្ទូលទៅអ្នកនោះថា បាវអាក្រក់អើយ អញនឹងជំនុំជំរះឯង តាមសំដីឯង ចុះបើឯងដឹងថា អញជាមនុស្សប្រិតប្រៀប ទាំងលើកយករបស់ដែលអញមិនបានដាក់ ហើយច្រូតចំរូតដែលអញមិនបានសាបព្រោះ ដូច្នេះ តើហេតុអ្វីបានជាឯងមិនបានយកប្រាក់អញនោះ ទៅដាក់នៅឯផ្ទះចងការវិញ ដើម្បីដល់អញត្រឡប់មកវិញ នោះអញនឹងបានទាំងដើមទាំងការផង ទ្រង់ក៏មានបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ (អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ) ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។ លុះទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម កាលយាងទៅជិតដល់ភូមិបេតផាសេ នឹងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់ កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់ កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត នោះពួកផារិស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។ កាលទ្រង់យាងចូលដល់ក្នុងព្រះវិហារហើយ នោះទ្រង់ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញ ដោយបន្ទូលថា មានសេចក្ដីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ តែរកហេតុអ្វីមិនបានសោះ ពីព្រោះបណ្តាជនកំពុងប្រុងស្តាប់ទ្រង់ណាស់។