លូកា 19:1-27

លូកា 19:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ហើយ​យាង​កាត់​ទី​ក្រុង។ នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​ទារ​ពន្ធ។ គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ​មាន​ភិនភាគ​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ពេក ហើយ​គាត់​ក៏​តូច​ទាប​ផង។ ដូច្នេះ គាត់​រត់​ទៅ​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​មក​តាម​ផ្លូវ​នោះ។ ពេល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ទី​នោះ ទ្រង់​ក៏​ងើប​ព្រះ‌ភក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក»។ គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ។ ពេល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «លោក​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​បាប»។ ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា៖ «មើល៍! ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​បំបាត់​អ្វី​ដល់​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​មួយ​ជា​បួន​វិញ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ព្រោះ​អ្នក​នេះ​ក៏​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ដែរ។ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក ហើយ​សង្គ្រោះ​មនុស្ស​បាត់​បង់»។ កាល​គេ​កំពុង​តែ​ស្តាប់​សេចក្តី​ទាំង​នេះ​នៅ​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលជា​រឿង​ប្រៀប​ធៀប​មួយ​ថែម​ទៀត ដោយ​ព្រោះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា ព្រះរាជ្យ​របស់​ព្រះ​ត្រូវ​លេច​មក​ភ្លាម។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​រាជ្យមួយ រួច​ត្រឡប់​មក​វិញ។ លោក​បាន​ហៅ​ពួក​បាវ​បម្រើ​ដប់​នាក់ មក​ប្រគល់​ប្រាក់​ដប់​ណែន ដល់​គេ ដោយ​ផ្ដាំ​ថា "ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ជំនួញ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ"។ ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។ ពេល​ត្រឡប់​មក​វិញ គឺ​ក្រោយ​ពី​បាន​ទទួល​រាជ្យនោះ​ហើយ ព្រះរាជា​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​បម្រើ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​បាន​ចំណេញ​ប៉ុន្មាន។ អ្នក​ទីមួយ​ចូល​មក ហើយ​ទូល​ថា៖ "ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ព្រះ‌អង្គ​ចំណេញ​បាន​ដប់​ណែន​ទៀត"។ ព្រះរាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា៖ "ប្រពៃ​ហើយ​បាវ​បម្រើ​ល្អ​អើយ ដោយ​ព្រោះ​អ្នក​មាន​ចិត្ត​ស្មោះត្រង់​នឹង​ការ​ដ៏​តូច​នេះ ចូរ​អ្នក​ត្រួត​លើ​ទី​ក្រុង​ដប់​ចុះ"។ អ្នក​ទី​ពីរ​ក៏​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ព្រះ‌អង្គ​បាន​ចំណេញ​ប្រាំ​ណែន​ទៀត"។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការទៅ​អ្នក​នោះ​ដែរ​ថា "ឯ​អ្នក ចូរ​ត្រួត​លើ​ទី​ក្រុង​ប្រាំ​ចុះ"។ ម្នាក់​ទៀត​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ នេះ​នែ៎​ប្រាក់​ណែន​របស់​ព្រះ‌អង្គ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ជា​មនុស្ស​ប្រិត‌ប្រៀប ព្រះ‌អង្គ​ប្រមូល​យក​របស់​ដែល​ព្រះ‌អង្គ​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូត​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ"។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "នែ៎​បាវ​បម្រើ​អាក្រក់! យើង​នឹង​ដាក់​ទោស​អ្នក តាម​សម្ដី​របស់​អ្នក។ ចុះ​បើអ្នក​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​ប្រមូល​យក​អ្វី​ដែល​យើង​មិន​បាន​ដាក់ ហើយ​ច្រូតអ្វី​ដែល​យើង​មិន​បាន​សាប​ព្រោះ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​យក​ប្រាក់​នោះ ទៅ​ដាក់​នៅ​ផ្ទះ​អ្នក​ចង​ការ ដើម្បី​នៅ​ពេល​យើង​ត្រឡប់​មក​វិញ យើង​អាច​ទទួល​បាន​ទាំង​ដើម​ទាំង​ការ?" ព្រះ‌រាជាបញ្ជា​ទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​មុខ​លោក​ថា "ចូរ​ដក​យក​ប្រាក់​មួយ​ណែន​ពី​វា ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​ដប់​ណែន​វិញ"។ (អ្នក​ទាំង​នោះ​ទូល​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​ដប់​ណែន​ហើយ")។ "យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។ ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។

ចែក​រំលែក
អាន លូកា 19

លូកា 19:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទីក្រុង។ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ* គាត់​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន។ គាត់​ចង់​ឃើញ​ព្រះ‌យេស៊ូ​មាន​ភិន‌ភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះអង្គ​មិន​ឃើញ​ទេ។ គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​ត្រូវ​យាង​កាត់​តាម​នោះ។ កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។ លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌យេស៊ូ​ដោយ​អំណរ។ កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។ លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។ បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។ កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះអង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន ​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។ រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។ លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ព្រះ‌រាជា​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ព្រះ‌រាជា​បាន​ប្រគល់​ប្រាក់​ណែន​នោះ​មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក ទូលបង្គំ​ចំណេញ​បាន​ដប់​ណែន”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ”។ អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។ អ្នក​បម្រើ​ម្នាក់​ទៀត​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះអង្គ ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។ ទូលបង្គំ​នឹក​ខ្លាច​ព្រះអង្គ ដ្បិត​ទ្រង់​ប្រិត‌ប្រៀង​ណាស់។ ព្រះអង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​ព្រះអង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ព្រះអង្គ​មិន​បាន​សាប​ព្រោះ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក​ឲ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការ នៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។ បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។ អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​សល់​ផង។ ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។

ចែក​រំលែក
អាន លូកា 19

លូកា 19:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ក៏​យាង​កាត់​ទី​ក្រុង​ទៅ នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ ហើយ​គាត់​ក៏​តូច​ទាប​ផង ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង​ឃើញ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូ‌រទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។ កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែន​ដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ‌រាជ្យ​លើ​យើង​ទេ លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​និមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់ អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត រួច​ទ្រង់​មាន​បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច‌បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី‌ក្រុង​៥​ចុះ អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង ដ្បិត​ទូលបង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ (អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ) ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ‌រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។

ចែក​រំលែក
អាន លូកា 19