លូកា 18:35-43
លូកា 18:35-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»? គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។
លូកា 18:35-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឲ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូ ទាំងលើកតម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។
លូកា 18:35-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់ អង្គុយសូមទាននៅមាត់ផ្លូវ គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក កាលគាត់មកជិតហើយ នោះទ្រង់មានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមទ្រង់ ទាំងពណ៌នាសរសើរដំកើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរដល់ព្រះដែរ។