លូកា 14:7-35
លូកា 14:7-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នក ដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ លុះដល់ពេលជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញមុខជាសើចចំអកឲ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់ទេ នោះស្ដេចនឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស*របស់ខ្ញុំឡើយ»។ «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងឲ្យវាប្រៃវិញបាន? វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
លូកា 14:7-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គសង្កេតឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា៖ «បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅចូលរួមពិធីមង្គលការ សូមកុំអង្គុយត្រង់កន្លែងល្អប្រសើរឡើយ ក្រែងជួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ហើយកាលណាម្ចាស់ដើមការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយជាមួយអ្នកថា "ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ" នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេមិនខាន។ ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាម្ចាស់ដើមការមកដល់ នោះគាត់នឹងនិយាយថា "សម្លាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខនេះមក៍" ពេលនោះ អ្នកនឹងមានកិត្តិយស នៅចំពោះអស់អ្នកដែលអង្គុយនៅតុជាមួយគ្នា។ ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកដែលបានយាងព្រះអង្គថា៖ «កាលណាអ្នកហៅភ្ញៀវជប់លៀងពេលថ្ងៃត្រង់ ឬពេលល្ងាច កុំអញ្ជើញពួកសម្លាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងវិញ។ ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។ កាលម្នាក់ដែលអង្គុយនៅតុជាមួយបានឮពាក្យទាំងនោះ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះ!»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយបានអញ្ជើញមនុស្សជាច្រើន។ លុះជិតដល់ពេលជប់លៀង លោកចាត់បាវបម្រើឲ្យទៅប្រាប់ពួកភ្ញៀវថា "សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ"។ ប៉ុន្តែ គេចាប់ផ្តើមដោះសាទាំងអស់គ្នា។ អ្នកមុននិយាយថា "ខ្ញុំបានទិញចម្ការ ហើយខ្ញុំត្រូវទៅមើលចម្ការនោះ សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅទឹមវាសាកមើល សូមលោកអត់ទោសឲ្យខ្ញុំផង"។ ម្នាក់ទៀតថា "ខ្ញុំទើបនឹងរៀបការប្រពន្ធ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន"។ បាវបម្រើនោះក៏ត្រឡប់មកវិញ ជម្រាបចៅហ្វាយខ្លួនតាមដំណើរនោះ។ ដូច្នេះ លោកប្រាប់ទៅបាវបម្រើ ទាំងកំហឹងថា "ចូរប្រញាប់ចេញទៅតាមផ្លូវតូចធំនៅទីក្រុង នាំអស់មនុស្សក្រីក្រ ពិការ ខ្វាក់ និងខ្ញើច ចូលមកឲ្យឆាប់"។ បាវបម្រើនោះក៏ជម្រាបថា "លោកម្ចាស់ កិច្ចការដែលលោកបង្គាប់ឲ្យខ្ញុំធ្វើនោះ រួចរាល់ហើយ តែនៅមានសល់កន្លែងទៀត"។ ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញពីមុន គ្មានអ្នកណាម្នាក់បានភ្លក់អាហារក្នុងពិពីជប់លៀងរបស់ខ្ញុំឡើយ"»។ ថ្ងៃមួយ មានមហាជនច្រើនកុះករធ្វើដំណើរទៅជាមួយព្រះអង្គ។ ព្រះអង្គបែរព្រះភក្ត្រហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ អ្នកណាដែលមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។ ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។ ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេចមួយទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងថា ខ្លួនអាចនាំពលមួយម៉ឺនទៅតទល់នឹងស្តេច ដែលនាំពលពីរម៉ឺនមកច្បាំង បានឬមិនបាននោះ? ប្រសិនបើឃើញថាមិនអាចតទល់បាន នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចងស្ពានមេត្រីនឹងគ្នា ក្នុងកាលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។ «អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍សម្រាប់ដី ឬសម្រាប់ធ្វើជីបានទេ គេនឹងបោះវាចោលទៅក្រៅ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
លូកា 14:7-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។ ទ្រង់ក៏មានបន្ទូលទៅអ្នក ដែលបានអញ្ជើញទ្រង់ថា កាលណាអ្នកលៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាច នោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច នឹងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ។ កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ នឹងខ្ញើច ចូលមកឲ្យឆាប់ បាវនោះក៏ជំរាបថា លោក ការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ ដ្បិតអញប្រាប់ថា ឯពួកមនុស្សទាំងប៉ុន្មាន ដែលអញបានអញ្ជើញមកមុននោះ អញលែងឲ្យអ្នកណា១ភ្លក់ម្ហូបរបស់អញហើយ។ មានមនុស្សសន្ធឹកណាស់ ដើរទៅជាមួយនឹងទ្រង់ នោះទ្រង់បែរទៅមានបន្ទូលនឹងគេថា បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺន ទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅសើុបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន គ្មានប្រយោជន៍ដល់ដីឬជីទេ គេនឹងចោលទៅក្រៅវិញ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។