លូកា 14:7-11

លូកា 14:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖ «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀង ក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុក​សម្រាប់​ភ្ញៀវ​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្តិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

ចែក​រំលែក
អាន លូកា 14

លូកា 14:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌អង្គ​សង្កេត​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប‌ធៀប​ទៅ​គេ​ថា៖ «បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​ចូល​រួម​ពិធីមង្គលការ សូម​កុំ​អង្គុយ​ត្រង់​កន្លែង​ល្អ​ប្រសើរ​ឡើយ ក្រែង​ជួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ហើយ​កាល​ណា​ម្ចាស់​ដើម​ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​ជា​មួយ​អ្នក​ថា "ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ" នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​មិន​ខាន។ ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​ម្ចាស់​ដើម​ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា "សម្លាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខនេះ​មក៍" ពេលនោះ អ្នក​នឹងមាន​កិត្តិយស នៅ​ចំពោះ​អស់​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា។ ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ»។

ចែក​រំលែក
អាន លូកា 14

លូកា 14:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ចួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក នឹង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល‌ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។

ចែក​រំលែក
អាន លូកា 14