លូកា 13:31-35

លូកា 13:31-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច ​នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។ ប៉ុន្តែ នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ត​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​ឲ្យ​ព្យាការី*​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា: “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះអង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់!” »។

ចែក​រំលែក
អាន លូកា 13

លូកា 13:31-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា៖ «ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិតព្រះ​បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា "មើល៍! ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ដល់​ថ្ងៃ​ទី​បី ខ្ញុំ​នឹង​បាន​សម្រេច​កិច្ច‌ការ​របស់​ខ្ញុំ​ហើយ។ ប៉ុន្តែ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ខាន​ស្អែក​ទៀត ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ឡើយ"។ ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​គប់​ដុំថ្ម​លើ​អស់​អ្នក​ដែល​បាន​ចាត់​មក​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​កូនរបស់ឯង ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ។ មើល៍! ផ្ទះ​របស់​ឯង​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់​ឈឹង ហើយ​យើង​ប្រាប់​ឯង​រាល់​គ្នា​ថា ឯងរាល់គ្នា​នឹង​មិន​ឃើញ​យើង​ទៀតឡើយ រហូត​ដល់​ពេល​ឯង​រាល់​គ្នា​ពោល​ថា "ព្រះ‌អង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ"» ។

ចែក​រំលែក
អាន លូកា 13

លូកា 13:31-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា មើល ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ ប៉ុន្តែ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ខ្ញុំ​ទៅ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ហើយ​ខាន​ស្អែក​ទៀត ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស ក្រៅ​ពី​ក្រុង​យេរូ‌សាឡិម​ទេ ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សំឡាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯ​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​រាល់​គ្នា ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ មើល ផ្ទះ​ឯង​រាល់​គ្នា​ត្រូវ​ចោល​នៅ​ស្ងាត់​ឈឹង ហើយ​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា មិន​ឃើញ​អញ​ទៀត ទាល់​តែ​ឯង​និយាយ​ថា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ។

ចែក​រំលែក
អាន លូកា 13