លូកា 13:18-35
លូកា 13:18-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលថា៖ «តើព្រះរាជ្យរបស់ព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងព្រះរាជ្យ? ព្រះរាជ្យរបស់ព្រះប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនច្បារ គ្រាប់ពូជនោះដុះឡើង ទៅជាដើមឈើមួយ ហើយសត្វហើរលើអាកាសក៏មកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ «តើគួរឲ្យខ្ញុំធៀបព្រះរាជ្យរបស់ព្រះដូចជាអ្វី? ព្រះរាជ្យរបស់ព្រះប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់»។ ព្រះយេស៊ូវក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយតម្រង់ឆ្ពោះទៅក្រុងយេរូសាឡិម។ មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។ កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។ ពេលអ្នករាល់គ្នានឹងចាប់ផ្តើមទូលថា "យើងខ្ញុំធ្លាប់ទទួលទានជាមួយព្រះអង្គ ហើយព្រះអង្គក៏បានបង្រៀនយើងខ្ញុំនៅតាមផ្លូវដែរ"។ ប៉ុន្តែ ព្រះអង្គនឹងមានព្រះបន្ទូលថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ ចូរថយចេញពីយើងទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ"។ នៅទីនោះ នឹងយំ ហើយសង្កៀតធ្មេញ នៅពេលអ្នករាល់គ្នាបានឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងព្រះរាជ្យរបស់ព្រះ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវបោះចោលទៅក្រៅ។ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។ ហើយមើល៍! នឹងមានអ្នកក្រោយទៅជាមុន និងអ្នកមុនទៅជាក្រោយវិញ»។ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា "មើល៍! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ដល់ថ្ងៃទីបី ខ្ញុំនឹងបានសម្រេចកិច្ចការរបស់ខ្ញុំហើយ។ ប៉ុន្តែ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែកទៀត ខ្ញុំត្រូវដើរតាមផ្លូវរបស់ខ្ញុំ ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស នៅខាងក្រៅក្រុងយេរូសាឡិមឡើយ"។ ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។ មើល៍! ផ្ទះរបស់ឯងរាល់គ្នាត្រូវចោលស្ងាត់ឈឹង ហើយយើងប្រាប់ឯងរាល់គ្នាថា ឯងរាល់គ្នានឹងមិនឃើញយើងទៀតឡើយ រហូតដល់ពេលឯងរាល់គ្នាពោលថា "ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ"» ។
លូកា 13:18-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ប៉ុន្តែ គេមិនអាចចូលឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ មានមនុស្សមកពីទិសទាំងបួនចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការី*ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា: “សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់!” »។
លូកា 13:18-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលថា តើនគរព្រះធៀបដូចជាអ្វី តើត្រូវយកអ្វីមកផ្ទឹមនឹងនគរនោះ គឺធៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់យកទៅដាំក្នុងច្បារខ្លួន វាដុះឡើងទៅជាដើមឈើយ៉ាងធំ ហើយសត្វហើរលើមេឃក៏មកទំនៅមែកបាន ទ្រង់ក៏មានបន្ទូលទៀតថា តើគួរឲ្យខ្ញុំធៀបនគរព្រះដូចជាអ្វី នោះត្រូវធៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅ៣រង្វាល់ ទាល់តែដោរឡើងសព្វទាំងអស់។ ទ្រង់ក៏យាងកាត់អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀនបណ្តើរ ហើយចេះតែដំរង់ត្រង់ឆ្ពោះទៅឯក្រុងយេរូសាឡិម ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ នោះអ្នករាល់គ្នានឹងចាប់តាំងឈរពីខាងក្រៅ គោះទ្វារទូលថា ឱព្រះអម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង នោះទ្រង់នឹងមានបន្ទូលឆ្លើយថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ រួចអ្នករាល់គ្នានឹងតាំងទូលថា យើងខ្ញុំបានទទួលទាននៅចំពោះទ្រង់ ហើយទ្រង់បានបង្រៀនតាមផ្លូវយើងខ្ញុំដែរ តែទ្រង់នឹងមានបន្ទូលថា អញប្រាប់ឯងរាល់គ្នាថា អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញនៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន នឹងមនុស្សមុនទៅជាក្រោយវិញ។ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក តែទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើល ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ ប៉ុន្តែត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ មើល ផ្ទះឯងរាល់គ្នាត្រូវចោលនៅស្ងាត់ឈឹង ហើយអញប្រាប់ឯងរាល់គ្នាថា មិនឃើញអញទៀត ទាល់តែឯងនិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរ។