លូកា 10:25-37
លូកា 10:25-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «តើក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ? តើអ្នកមើលយល់ដូចម្តេច»? អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត»។ ប៉ុន្ដែ អ្នកនោះចង់សម្តែងថាខ្លួនសុចរិត ក៏ទូលសួរទៀតថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យនៅទ្រម ជួនជាមានសង្ឃមួយអង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់។ ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់ពីរដេណារី ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា "ចូរថែរក្សាអ្នកនេះផង ហើយបើអ្នកចំណាយលើសពីនេះ ពេលខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក"។ ដូច្នេះ ក្នុងបីនាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ?» អ្នកនោះឆ្លើយថា៖ «គឺអ្នកមួយដែលមានចិត្តអាណិតដល់គាត់នោះឯង»។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។
លូកា 10:25-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យ*មួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវី*ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ អាចារ្យ*ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។
លូកា 10:25-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ទ្រង់មានបន្ទូលឆ្លើយថា ក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ទ្រង់មានបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ ព្រះយេស៊ូវមានបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរ ពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។