លូកា 10:17-24
លូកា 10:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។ គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតារបស់ខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាមួយប៉ុណ្ណោះ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ ព្រះអង្គក៏បែរទៅមានព្រះបន្ទូលទៅពួកសិស្សដោយឡែកថា៖ «មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន ប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។
លូកា 10:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសាវ័ក*ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង*ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាឡើយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស* ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គល*ហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ!។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
លូកា 10:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្ដីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ ទ្រង់ក៏បែរទៅមានបន្ទូលនឹងពួកសិស្សដោយឡែកថា មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា នឹងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។