លូកា 10:1-23

លូកា 10:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ព្រះ‌អម្ចាស់​តម្រូវ​ចិត‌សិប​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ មួយ​គូៗ​ទៅ​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ព្រះ‌អង្គ​បម្រុង​យាង​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ។ ទៅ​ចុះ មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​កូន​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ឯ​ផ្ទះ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខ‌សាន្ត បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្តី​សុខ‌សាន្ត នោះ​សេចក្តី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​នោះ តែបើ​គ្មាន​ទេ សេចក្តី​សុខ​នោះ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិ‌ភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ព្រោះ​អ្នក​ដែល​ធ្វើ​ការ គួរ​នឹង​បាន​ប្រាក់​ឈ្នួល។ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។ ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល ចូរ​បរិ‌ភោគ​របស់​អ្វីៗដែល​គេ​លើក​មក​ឲ្យ​ចុះ ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា "ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ជិត​អ្នក​រាល់​គ្នា​ហើយ" តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ផ្លូវ ហើយ​និយាយ​ថា៖ "ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង ក៏​យើង​រលាស់​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា ព្រះរាជ្យ​របស់​ព្រះ​មក​ជិត​ហើយ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ។ វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ព្រោះ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង។ ដូច្នេះ នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា។ អ្នក​ក្រុង​កាពើ‌ណិម​អើយ តើ​ឯង​នឹង​តម្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទម្លាក់ចុះដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ»។ អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា អ្នកនោះ​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល​ងាយ​អ្នក​រាល់​គ្នា អ្នក​នោះ​ក៏​មើល​ងាយ​ខ្ញុំដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ខ្ញុំ អ្នក​នោះ​មើល​ងាយ​ដល់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។ ពួក​សិស្ស​ចិត‌សិប​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា​ដែរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក​ដូច​ជា​ផ្លេក​បន្ទោរ មើល៍! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ កុំ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​នឹង​អ្នក​រាល់​គ្នា​នោះ​ឡើយ តែត្រូវ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ»។ នៅ​វេលា​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​រីក‌រាយ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ និង​ពួក​ឈ្លាស‌វៃ តែ​បាន​សម្តែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ពិត​មែន​ហើយ​ព្រះ‌វរបិតា​អើយ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ។ គ្រប់​សេចក្តី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះ‌វរបិតា​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ​បុត្រា​ទេ មាន​តែ​ព្រះ‌វរបិតាមួយ​ប៉ុណ្ណោះ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរបិតា​ដែរ មាន​តែ​ព្រះ‌រាជ​បុត្រា និង​អ្នក​ណា​ដែល​ព្រះ‌រាជ​បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ បើក​ឲ្យ​ស្គាល់ព្រះ‌អង្គ​ប៉ុណ្ណោះ»។ ព្រះ‌អង្គ​ក៏​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ដោយ​ឡែក​ថា៖ «មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ

ចែក​រំលែក
អាន លូកា 10

លូកា 10:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សិស្ស*​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។ ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ” ។ បើ​នៅ​ក្នុង​ផ្ទះ​នោះ​មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។ ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា: “ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។ ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទី‌ផ្សារ​ថា: “សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ភូមិ​នោះ។ អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​នឹង​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ ​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ ពួក​សាវ័ក*​ទាំង​ចិត‌សិប​ពីរ​រូប​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ​ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យា‌ដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិ‌អំណាច​គ្រប់​យ៉ាង​របស់​មារ​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​កុំ​ត្រេក​អរ​នឹង​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ​ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ»។ ខណៈ​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះ‌បុត្រា​ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​បែរ​ទៅ​រក​សិស្ស* ហើយ​មាន​ព្រះ‌បន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល*​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នេះ!។

ចែក​រំលែក
អាន លូកា 10

លូកា 10:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់ ទៅ​ចុះ មើល ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់‌ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ ទាំង​មើល​ពួក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា ហើយ​ក្រុង​កាពើ‌ណិម​អើយ គឺ​ឯង​ដែល​បាន​ដំកើង​ឡើង​ស្មើ​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។ ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ មើល ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់​នឹង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ។ នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​រីក‌រាយ​ដោយ​ព្រះ‌វិញ្ញាណ ក៏​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះវរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ រួច​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា គ្រប់​សេចក្ដី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះវរ‌បិតា​នៃ​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះវរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ ទ្រង់​ក៏​បែរ​ទៅ​មាន​បន្ទូល​នឹង​ពួក​សិស្ស​ដោយ‌ឡែក​ថា មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ

ចែក​រំលែក
អាន លូកា 10