លេវីវិន័យ 8:14-36

លេវីវិន័យ 8:14-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សម្រាប់​តង្វាយ​លោះ​បាប​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​តង្វាយ​នោះ រួច​សម្លាប់​ទៅ។ នោះ​លោក​ម៉ូសេ​ក៏​សម្អាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំ​វិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ។ លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា។ ប៉ុន្តែ តួ​គោ​នោះ និង​ស្បែក សាច់ ហើយ​និង​លាមក លោក​ដុត​ក្នុង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ លោក​ក៏​នាំ​យក​ចៀម​ឈ្មោល​ដែល​សម្រាប់​ជា​តង្វាយ​ដុត​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ នោះ​លោក​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា រួច​កាប់​ចៀម​នោះ​ជា​ដុំៗ ក៏​ដុត​ក្បាល និង​ដុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ផង។ លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ លោក​ក៏​នាំ​យក​ចៀម​ទី​ពីរ​ដែល​សម្រាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ នោះ​លោក​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​លោក​អើរ៉ុន ក៏​នាំ​ពួក​កូន​លោក​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំ‌វិញ​លើ​អាសនា។ រួច​លោក​យក​ខ្លាញ់​កន្ទុយ និង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​របស់​អង្គញ់​នោះ និង​ស្មា​ខាង​ស្តាំ​មក។ រួច​យក​នំ​ឥត​ដំបែ​មួយ នំបុ័ង​លាប​ដោយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ និង​ស្មា​ស្តាំ​នោះ។ លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​លោក​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​តង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។ លោក​ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​លោក​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សម្រាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ រួច​លោក​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​លោក​អើរ៉ុន លើ​សម្លៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​លោក​អើរ៉ុន និង​សម្លៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។ លោក​ម៉ូសេ​ក៏​បង្គាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ថា៖ «ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិ‌ភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា "ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក​បរិ‌ភោគ​របស់​ទាំង​នោះ"។ ឯ​សាច់ និង​នំបុ័ង​ដែល​សល់​នៅ នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​ទៅ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​ប្រាំពីរ​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ​ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សម្រេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ។ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ដូច​ជា​បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​គ្រប់​ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ទាំង​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ»។ នោះ​លោក​អើរ៉ុន និង​ពួក​កូន​លោក ក៏​ធ្វើ​សម្រេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 8

លេវីវិន័យ 8:14-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​នាំ​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។ លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។ លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។ រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។ លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​លោក​អើរ៉ុន។ បន្ទាប់​មក លោក​ក៏​នាំ​កូនៗ​លោក​អើរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ រួច​យក​នំប៉័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។ លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អើរ៉ុន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ លើក​ថ្វាយ​ព្រះ‌អម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ ឲ្យ​ទៅ​ជា​វិសុទ្ធ។ លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អើរ៉ុន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចម្អិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំប៉័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង‌តាំង​ជា​បូជា‌ចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។ សាច់ និង​នំប៉័ង ដែល​នៅ​សល់ ត្រូវ​ដុត​ចោល។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែង‌តាំង​អ្នក​រាល់​គ្នា​ឡើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បម្រើ​ព្រះ‌អម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់»។ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 8

លេវីវិន័យ 8:14-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សំរាប់​ដង្វាយ​លោះ​បាប​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​ដង្វាយ​នោះ រួច​សំឡាប់​ទៅ នោះ​ម៉ូសេ​ក៏​សំអាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំវិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​២ នឹង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា តែ​តួ​គោ​នោះ នឹង​ស្បែក សាច់ ហើយ​នឹង​លាមក លោក​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ លោក​ក៏​នាំ​យក​ចៀម​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​ដុត​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ នោះ​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា រួច​កាប់​ចៀម​នោះ​ជា​ដុំៗ ក៏​ដុត​ក្បាល​នឹង​ដុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ផង លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ លោក​ក៏​នាំ​យក​ចៀម​ទី​២​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ នោះ​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ នឹង​មេ​ជើង​ស្តាំ​របស់​អើរ៉ុន ក៏​នាំ​ពួក​កូន​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ នឹង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា រួច​លោក​យក​ខ្លាញ់​កន្ទុយ នឹង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង នឹង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ នឹង​ខ្លាញ់​របស់​អង្គញ់​នោះ ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ នឹង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក រួច​ម៉ូសេ​ក៏​យក​ប្រេង​លាប នឹង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​អើរ៉ុន​នឹង​សំលៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។ ម៉ូសេ​ក៏​បង្គាប់​អើរ៉ុន​នឹង​ពួក​កូន​លោក​ថា ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា ត្រូវ​ឲ្យ​អើរ៉ុន នឹង​ពួក​កូន​លោក​បរិភោគ​របស់​ទាំង​នោះ ឯ​សាច់​នឹង​នំបុ័ង​ដែល​សល់​នៅ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​៧​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សំរេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​៧​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ ដូច​ជា​បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​គ្រប់​៧​យប់​៧​ថ្ងៃ ទាំង​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ នោះ​អើរ៉ុន នឹង​ពួក​កូន​លោក​ក៏​ធ្វើ​សំរេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 8