លេវីវិន័យ 5:1-13
លេវីវិន័យ 5:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស។ ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោច សត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះពាល់ដោយអចេតនាក្ដី ក៏គេត្រូវសៅហ្មង បណ្ដាលឲ្យខ្លួនមានទោសដែរ។ ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យគេ។ «ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។ លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។ បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។ ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។ គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។
លេវីវិន័យ 5:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«បើអ្នកណាបានធ្វើបាប ដោយឮអ្នកដែលបានស្បថបំពាន ដែលអ្នកជាសាក្សីមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញ ឬបានឮ អ្នកនោះត្រូវទទួលទោស ។ ឬបើអ្នកណាប៉ះពាល់របស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ ឬបើបានប៉ះពាល់សេចក្ដីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ ឬបើអ្នកណាស្បថលេងថា នឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថ ដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ ហើយត្រូវនាំយកតង្វាយ ដែលសម្រាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញីមួយពីហ្វូងចៀម ឬពពែ សម្រាប់ជាតង្វាយលោះបាប រួចសង្ឃត្រូវថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។ ប៉ុន្តែ ប្រសិនបើអ្នកណាខ្វះខាត គ្មានល្មមនឹងយកកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត។ ត្រូវយកសត្វនោះទៅជូនសង្ឃ ហើយសង្ឃត្រូវថ្វាយមួយ ដែលសម្រាប់ជាតង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្ដាច់ក្បាលចេញពីក តែមិនត្រូវពុះជាពីរឡើយ រួចប្រោះឈាមនៃតង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសម្រក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាតង្វាយលោះបាប។ ឯសត្វទីពីរ នោះត្រូវថ្វាយជាតង្វាយដុតតាមទម្លាប់ ដូច្នេះ សង្ឃត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចពីទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលកពីរ ឬព្រាបជំទើរពីរបានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្តមួយខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប ត្រូវឲ្យអ្នកនោះយកទៅជូនសង្ឃ ហើយសង្ឃត្រូវយកមួយក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប។ សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ»។
លេវីវិន័យ 5:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយដែលបានទទួលស្បថ ធ្វើជាស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ ឬបើអ្នកណាប៉ះពាល់នឹងរបស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ ឬបើបានប៉ះពាល់នឹងសេចក្ដីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ ឬបើអ្នកណាស្បថលេងថានឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ ហើយត្រូវនាំយកដង្វាយ ដែលសំរាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញី១ពីហ្វូងចៀម ឬពពែ សំរាប់ជាដង្វាយលោះបាប រួចត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។ បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាដង្វាយសំរាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត ត្រូវឲ្យនាំយកសត្វនោះទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយ១ ដែលសំរាប់ជាដង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្តាច់ក្បាលចេញពីក តែមិនត្រូវពុះជា២ឡើយ រួចប្រោះឈាមនៃដង្វាយលោះបាបនោះនៅចំហៀងអាសនា ហើយត្រូវសំរក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនាវិញ នេះហើយជាដង្វាយលោះបាប ឯសត្វទី២ នោះត្រូវថ្វាយជាដង្វាយដុតតាមទំលាប់ ដូច្នេះត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាប ដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។ បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាដង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេងឬដាក់កំញានទេ ដ្បិតជាដង្វាយសំរាប់លោះបាប ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនា តាមរបៀបដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសំរាប់សង្ឃវិញ ដូចជាក្នុងដង្វាយម្សៅដែរ។