លេវីវិន័យ 25:8-50

លេវីវិន័យ 25:8-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។ ពេល​នោះ ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​ឮ​រំពង នៅ​ថ្ងៃទី​ដប់ ក្នុ​ង​ខែ​ទី​ប្រាំពីរ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​រំដោះ​បាប ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​ឮ​ពាស​ពេញ​ក្នុង​ស្រុក​របស់​អ្នក​ទាំង​មូល។ អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។ ឆ្នាំ​ទី​ហាសិប​នោះ​នឹង​បាន​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ អ្នក​មិន​ត្រូវ​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ។ ដ្បិត​នោះ​ជា​ឆ្នាំ​ប្រោស​លោះ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​បរិ‌ភោគ​ផល​ពី​ស្រែ​ចម្ការ។ នៅ​ឆ្នាំ​ប្រោស​លោះ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​នៅ​ដី​របស់​អ្នក​រៀង​ខ្លួន។ បើ​កាល​ណា​អ្នក​លក់​របស់​អ្វី​ឲ្យ​អ្នក​ជិត​ខាង​អ្នក ឬ​ទិញ​អ្វី​ពី​អ្នក​ជិត​ខាង​អ្នក​មក នោះ​មិន​ត្រូវ​បំបាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​អ្នក រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​អ្នក ដោយ​រាប់​តាម​ចំនួន​រដូវ​ចម្រូត​ដែរ។ បើ​នៅ​មាន​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​អ្នក​ត្រូវ​បង្កើន​ថ្លៃ​ឡើង តែ​បើ​នៅ​សល់​តិច​ឆ្នាំ​វិញ នោះ​ត្រូវ​បន្ថយ​ថ្លៃ​ចុះ​តាម​ចំនួន​ឆ្នាំ​តិច​ច្រើន​ទាំង​នោះ គឺ​ជា​ចំនួន​ចម្រូត​ទេ​ដែល​គេ​លក់​ឲ្យ​អ្នក អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបាត់​គ្នា​ឡើយ ត្រូវ​តែ​កោត​ខ្លាច​ដល់​ព្រះ​របស់​អ្នក​វិញ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​យើង ហើយ​រក្សា​សេចក្ដី​បញ្ញត្តិ​របស់​យើង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត។ បើ​អ្នក​រាល់​គ្នា​សួរ​ថា មើល៍ ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិ‌ភោគ? នោះ​គឺ​យើង​នឹង​ផ្តល់​ពរ​របស់​យើង​ដល់​អ្នក​រាល់​គ្នា​នៅ​ឆ្នាំ​ទី​ប្រាំមួយ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​បី​ឆ្នាំ​វិញ រួច​ដល់​ឆ្នាំ​ទី​ប្រាំបី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិ‌ភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។ មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ ហើយ​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​អ្នក​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន។ ប្រសិន‌បើ​បង ឬ​ប្អូន​អ្នក​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​លក់​ដី​ខ្លះ នោះ​សាច់​សន្តាន​ដែល​ជិត​បំផុត ត្រូវ​មក​លោះ​យក​ដី​ដែល​បាន​លក់​ឲ្យ​គេ​ហើយ​នោះ​វិញ បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន នោះ​ត្រូវ​រាប់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លក់​ដី​នោះ​មក ហើយ​ត្រូវ​បង្វិល​ប្រាក់​ដែល​សល់​នៅ​ប្រគល់​ដល់​អ្នក​ដែល​ទិញ រួច​ម្ចាស់​ដី​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​វិញ បើ​អ្នក​នោះ​គ្មាន​អ្វី​ល្មម​នឹង​លោះ​យក​បាន​ទេ នោះ​ដី​ដែល​បាន​លក់​ទៅ នឹង​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​អ្នក​ដែល​បាន​ទិញ ដរាប​ដល់​ឆ្នាំ​សោមនស្ស លុះ​ដល់​ឆ្នាំ​សោមនស្ស​ហើយ ដី​នោះ​ត្រូវ​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ រួច​គាត់​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​បាន។ បើ​មនុស្ស​ណា​លក់​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​ដែល​មាន​កំផែង នោះ​មាន​ច្បាប់​លោះ​មក​វិញ​ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​លក់​មក គឺ​នៅ​វេលា​ពេញ​មួយ​ឆ្នាំ គេ​មាន​ច្បាប់​លោះ​មក​វិញ​បាន បើ​មិន​បាន​លោះ​វិញ​ក្នុង​រវាង​មួយ​ឆ្នាំ​នោះ​ទេ ផ្ទះ​ដែល​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​នោះ នឹង​បាន​ដាច់​ជា​របស់​អ្នក​ដែល​ទិញ ជា​ដរាប​អស់​ទាំង​តំណ​ត​រៀង​ទៅ លុះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​នោះ​មិន​បាន​មក​វិញ​ទេ ឯ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​អស់​ទាំង​ស្រុក​ឥត​មាន​កំផែង​ព័ទ្ធ នោះ​ត្រូវ​រាប់​ទុក​ដូច​ជា​ស្រែ​ចម្ការ​វិញ មាន​ច្បាប់​លោះ​បាន ហើយ​ដល់​ឆ្នាំ​សោមនស្ស​ក៏​ត្រូវ​បាន​មក​វិញ​ដែរ ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប ប្រសិន‌បើ​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ និង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឯ​ស្រែ​ចម្ការ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។ បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​បែរ​ជា​ស្ថិត​នៅ​ក្រោម​បន្ទុក​របស់​អ្នក នោះ​ត្រូវ​ជួយ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​រស់​នៅ​ជា​មួយ​អ្នក ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​អាស្រ័យ​ដែរ។ មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កម្រៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​នៅ​ជា​មួយ​អ្នក​ផង មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ ដោយ​ចង់​បាន​កម្រៃ​ដែរ យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​អ្នក​រាល់​គ្នា ហើយឲ្យ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​ដល់​អ្នក នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រើ​គេ​ទុក​ដូច​ជា​អ្នក​បម្រើ​ឡើយ។ គេ​ត្រូវ​នៅ​ជា​មួយ​អ្នក ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​គេ​នឹង​ចេញ​ពី​អ្នក​ទៅ ព្រម​ទាំង​កូន​គេ​ផង ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​គ្រួសារ​នៅ​ក្នុង​កេរ‌អាករ​របស់​បុព្វ‌បុរស​គេ​វិញ ដ្បិត​អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក មិន​ត្រូវ​ឲ្យ​លក់​គេ​ដូច​ជា​លក់​ខ្ញុំ​កំដរ​ទេ ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ តែ​ឯ​ត្រង់​អ្នក​បម្រើ​ប្រុស ឬ​ស្រី​ដែល​អ្នក​នឹង​បាន​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី​នោះ អំពី​អស់​ទាំង​សាសន៍​ដទៃ​ដែល​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា​វិញ អ្នក​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​បាន​ដែរ អ្នក​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ​ដែល​នៅ​ជា​មួយ​អ្នក​ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ផង អស់​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។ បើ​មាន​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​បាន​ទៅ​ជា​អ្នក​មាន ហើយ​បង‌ប្អូន​អ្នក​ម្នាក់​ទៀត ដែល​នៅ​ជិត​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ លក់​ខ្លួន​ទៅ​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក ឬ​ទៅ​អ្នក​ណា​ក្នុង​ពូជ​របស់​អ្នក​ប្រទេស​ក្រៅ​នោះ យ៉ាង​នោះ​មាន​ច្បាប់​នឹង​លោះ​គេ​មក​វិញ​បាន ក្រោយ​ដែល​លក់​ខ្លួន​ហើយ​ដូច្នោះ គឺ​បង‌ប្អូន​ណា​មួយ​នឹង​លោះ​គេ​ចេញ​បាន ទោះ​ជា​ឪពុក​ធំ ឬ​មា ឬ​ក្មួយ​គេ​ក្តី ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ជា​សាច់‌ញាតិ​ជិត‌ដិត​ក្នុង​គ្រួសារ​គេ នោះ​នឹង​លោះ​បាន ឬ​បើ​ខ្លួន​គេ​ទៅ​ជា​មាន​វិញ ក៏​នឹង​លោះ​ដោយ​ខ្លួន​ឯង​បាន​ដែរ ត្រូវ​គិត​ជា​មួយ​អ្នក​ដែល​ទិញ​ខ្លួន រាប់​តាំង​ពី​ឆ្នាំ​ដែល​បាន​លក់​ខ្លួន​ទៅ​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​ថ្លៃ​ដែល​បាន​លក់​ខ្លួន នោះ​ត្រូវ​សម្រេច​តាម​ចំនួន​ឆ្នាំ​ដែល​បាន​បម្រើ​នោះ ត្រូវ​តែ​គិត​ឈ្នួល​ដូច​ជា​អ្នក​បម្រើ​វិញ

ចែក​រំលែក
អាន លេវីវិន័យ 25

លេវីវិន័យ 25:8-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់​សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។ នៅ​ខែ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់ ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស‌ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះ​ជា​ឆ្នាំ​ដ៏វិសុទ្ធ ត្រូវ​ប្រកាស​សេរី‌ភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប‌ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។ ឆ្នាំ​ទី​ហា‌សិប ជា​ឆ្នាំ​មេត្តា​ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគ‌ផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចម្រូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា​ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វីៗ​ដែល​ដុះ​នៅ​ក្នុង​ចម្ការ។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។ ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​ឲ្យ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេង‌ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។ ដី​នឹង​ផ្ដល់​ភោគ‌ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ‌ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។ អ្នក​រាល់​គ្នា​សាប​ព្រោះ​សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំ‌បី តែ​អ្នក​រាល់​គ្នា​បរិភោគ‌ផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំ‌បួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ‌ផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគ‌ផល​ថ្មី។ អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​ឲ្យ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​លើ​ដី​របស់​យើង។ នៅ​ក្នុង​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។ ប្រសិន​បើ​បងប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់‌ញាតិ​ដ៏​ជិត‌ដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បងប្អូន​នោះ​លក់។ ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់‌ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរ‌ធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។ ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។ ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ លុះ​ផុត​កំណត់​ពេល​មួយ​ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ និង​ពូជ‌ពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា​ករុណា​ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​ដែរ។ ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀតៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា​ករុណា។ ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។ ទោះ​បី​អ្នក​ទិញ​ផ្ទះ​នោះ​ជា​ពួក​លេវី​ក្ដី នៅ​ឆ្នាំ​មេត្តា​ករុណា ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ រីឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។ «ពេល​បងប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរ‌ទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន​ក្ដី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។ កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​សគុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក ហើយ​ទុក​ឲ្យ​បងប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។ បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​ឲ្យ​សោះ ហើយ​បើ​អ្នក​ឲ្យ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ពេល​បងប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។ ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ ពេល​នោះ គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ដ្បិត​អស់​អ្នក​ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​យើង ហេតុ​នេះ មិន​ត្រូវ​លក់​ពួក​គេ​ដូច​លក់​ទាសករ​ឡើយ។ កុំ​ជិះ‌ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។ អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បងប្អូន​របស់​ខ្លួន​ឡើយ។ ប្រសិន​បើ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បងប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរ‌ទេស​នោះ បងប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​គាត់​បាន​លក់​ខ្លួន។ ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់‌ញាតិ​ជិត‌ដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។ គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។

ចែក​រំលែក
អាន លេវីវិន័យ 25

លេវីវិន័យ 25:8-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ឯង​រាប់​ឆ្នាំ​ឈប់​សំរាក​៧​ដង គឺ​ជា​៧​ឆ្នាំ​៧​ដង ត្រូវ​ឲ្យ​រំលង​ពេល​ឆ្នាំ​ឈប់​សំរាក​អស់​៧ ឲ្យ​បាន​គ្រប់​៤៩​ឆ្នាំ រួច​ត្រូវ​ចាត់‌ចែង​ទៅ​ផ្លុំ​ត្រែ​ឲ្យ​ឮ​រំពង នៅ​ថ្ងៃ​១០ ក្នុង​ខែ​អស្សុជ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ត្រូវ​ឲ្យ​គេ​ផ្លុំ នៅ​ពេញ​ក្នុង​ស្រុក​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ឆ្នាំ​ទី​៥០​នោះ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លែង​បាវ​បំរើ ដល់​មនុស្ស​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក​ផង ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស ដល់​ឯង​រាល់​គ្នា​ដែល​ឯង​នឹង​ត្រឡប់​ទៅ នៅ​ឯ​ដី​របស់​ឯង​រាល់​គ្នា​រៀប​ខ្លួន​បាន ហើយ​នឹង​ត្រឡប់​ទៅ​នៅ​នឹង​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ ឆ្នាំ​ទី​៥០​នោះ​នឹង​បាន​ជា​ឆ្នាំ​សោមនស្ស​ដល់​ឯង​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ មិន​ត្រូវ​ឲ្យ​ឯង​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ​ឯង ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ ដ្បិត​នោះ​គឺ​ជា​ឆ្នាំ​សោមនស្ស​ហើយ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​បរិភោគ​ផល​ចំរើន​អំពី​ស្រែ​ចំការ។ នៅ​ឆ្នាំ​សោមនស្ស ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​នៅ​ឯ​ដី​របស់​ឯង​រៀង​ខ្លួន បើ​កាល​ណា​ឯង​លក់​របស់​អ្វី​ឲ្យ​អ្នក​ជិត​ខាង​ឯង ឬ​ទិញ​អ្វី​ពី​អ្នក​ជិត​ខាង​ឯង​មក​ឯង នោះ​មិន​ត្រូវ​បំបាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​ឯង រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​ឯង ដោយ​រាប់​តាម​ចំនួន​រដូវ​ចំរូត​ដែរ បើ​នៅ​មាន​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ឯង​ត្រូវ​បង្កើន​ថ្លៃ​ឡើង តែ​បើ​នៅ​សល់​តិច​ឆ្នាំ​វិញ នោះ​ត្រូវ​បន្ថយ​ថ្លៃ​ចុះ​តាម​ចំនួន​ឆ្នាំ​តិច​ច្រើន​ទាំង​នោះ គឺ​ជា​ចំនួន​ចំរូត​ទេ​ដែល​គេ​លក់​ឲ្យ​ឯង មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំបាត់​គ្នា​ឡើយ ត្រូវ​តែ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​អញ ហើយ​រក្សា​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត ឯឯង​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត បើ​ឯង​រាល់​គ្នា​សួរ​ថា មើល ក្នុង​ឆ្នាំ​ទី​៧​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិភោគ នោះ​គឺ​អញ​នឹង​ផ្តល់​ពរ​របស់​អញ​ដល់​ឯង​រាល់​គ្នា​នៅ​ឆ្នាំ​ទី​៦ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​៣​ឆ្នាំ​វិញ រួច​ដល់​ឆ្នាំ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។ មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ ហើយ​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន បើ​សិន​ជា​បង​ឬ​ប្អូន​ឯង​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​លក់​ដី​ខ្លះ នោះ​សាច់​សន្តាន​ដែល​ជិត​បំផុត ត្រូវ​មក​លោះ​យក​ដី​ដែល​បាន​លក់​ឲ្យ​គេ​ហើយ​នោះ​វិញ បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន នោះ​ត្រូវ​រាប់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លក់​ដី​នោះ​មក ហើយ​ត្រូវ​បង្វិល​ប្រាក់​ដែល​សល់​នៅ​ប្រគល់​ដល់​អ្នក​ដែល​ទិញ រួច​ម្ចាស់​ដី​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​វិញ បើ​អ្នក​នោះ​គ្មាន​អ្វី​ល្មម​នឹង​លោះ​យក​បាន​ទេ នោះ​ដី​ដែល​បាន​លក់​ទៅ នឹង​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​បាន​ទិញ ដរាប​ដល់​ឆ្នាំ​សោមនស្ស លុះ​ដល់​ឆ្នាំ​សោមនស្ស​ហើយ ដី​នោះ​ត្រូវ​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ រួច​គាត់​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​បាន។ បើ​មនុស្ស​ណា​លក់​ផ្ទះ នៅ​ក្នុង​ទី​ក្រុង ដែល​មាន​កំផែង នោះ​មាន​ច្បាប់​លោះ​មក​វិញ​ក្នុង​រវាង​១​ឆ្នាំ រាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​លក់​មក គឺ​នៅ​វេលា​ពេញ​១​ឆ្នាំ គេ​មាន​ច្បាប់​លោះ​មក​វិញ​បាន បើ​មិន​បាន​លោះ​វិញ​ក្នុង​រវាង​១​ឆ្នាំ​នោះ​ទេ ផ្ទះ​ដែល​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​នោះ នឹង​បាន​ដាច់​ជា​របស់​ផង​អ្នក​ដែល​ទិញ ជា​ដរាប​អស់​ទាំង​ដំណ​ត​រៀង​ទៅ លុះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​នោះ​មិន​បាន​មក​វិញ​ទេ ឯ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​អស់​ទាំង​ស្រុក​ឥត​មាន​កំផែង​ព័ទ្ធ នោះ​ត្រូវ​រាប់​ទុក​ដូច​ជា​ស្រែ​ចំការ​វិញ មាន​ច្បាប់​លោះ​បាន ហើយ​ដល់​ឆ្នាំ​សោមនស្ស​ក៏​ត្រូវ​បាន​មក​វិញ​ដែរ ប៉ុន្តែ​ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប បើ​សិន​ជា​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ ហើយ​នឹង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឯ​ស្រែ​ចំការ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ្តិ៍‌អាករ​របស់​ផង​គេ​នៅ​អស់‌កល្ប‌ជានិច្ច។ បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់‌ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កំរៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ជា​មួយ​នឹង​ឯង​ផង មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ​ដោយ​ចង់​បាន​កំរៃ​ដែរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​លក់​ខ្លួន​ដល់​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ប្រើ​គេ​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ត្រូវ​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ឯង​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បំរើ​ឯង​ដរាប​ដល់​ឆ្នាំ​សោមនស្ស រួច​គេ​នឹង​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​កូន​គេ​ផង ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​គ្រួសារ​នៅ​ក្នុង​កេរ‌អាករ​របស់​ពួក​ឰយុកោ​គេ​វិញ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពួក​អ្នក​បំរើ​របស់​អញ ដែល​អញ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក មិន​ត្រូវ​ឲ្យ​លក់​គេ​ដូច​ជា​លក់​ខ្ញុំ​កំដរ​ទេ ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ តែ​ឯ​ត្រង់​បាវ​បំរើ​ប្រុស ឬ​ស្រី​ដែល​ឯង​នឹង​បាន​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ទិញ​បាវ​ប្រុស​ស្រី​នោះ អំពី​អស់​ទាំង​សាសន៍​ដទៃ​ដែល​នៅ​ជុំវិញ​ឯង​រាល់​គ្នា​វិញ ឯង​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្តាល​ឯង​រាល់​គ្នា​បាន​ដែរ ឯង​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ ដែល​នៅ​ជា​មួយ​នឹង​ឯង ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​ឯង​រាល់​គ្នា​ផង ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ្តិ៍‌អាករ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មរដក​ឲ្យ​កូន​ចៅ​ឯង​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ្តិ៍​ដែរ គឺ​ពី​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​បាវ​បំរើ​ដល់​ឯង តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។ បើ​មាន​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​បាន​ទៅ​ជា​អ្នក​មាន ហើយ​បង​ប្អូន​ឯង​ម្នាក់​ទៀត ដែល​នៅ​ជិត​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ លក់​ខ្លួន​ទៅ​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង ឬ​ទៅ​អ្នក​ណា​ក្នុង​ពូជ​របស់​អ្នក​ប្រទេស​ក្រៅ​នោះ យ៉ាង​នោះ​មាន​ច្បាប់​នឹង​លោះ​គេ​មក​វិញ​បាន ក្រោយ​ដែល​លក់​ខ្លួន​ហើយ​ដូច្នោះ គឺ​បង​ប្អូន​ណា​មួយ​នឹង​លោះ​គេ​ចេញ​បាន ទោះ​ជា​ឪពុក​ធំ ឬ​មា ឬ​ក្មួយ​គេ​ក្តី ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ជា​សាច់‌ញាតិ​ជិត‌ដិត​ក្នុង​គ្រួសារ​គេ នោះ​នឹង​លោះ​បាន ឬ​បើ​ខ្លួន​គេ​ទៅ​ជា​មាន​វិញ ក៏​នឹង​លោះ​ដោយ​ខ្លួន​ឯង​បាន​ដែរ ត្រូវ​គិត​ជា​មួយ​នឹង​អ្នក​ដែល​ទិញ​ខ្លួន រាប់​តាំង​ពី​ឆ្នាំ​ដែល​បាន​លក់​ខ្លួន​ទៅ​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​ថ្លៃ​ដែល​បាន​លក់​ខ្លួន នោះ​ត្រូវ​សំរេច​តាម​ចំនួន​ឆ្នាំ​ដែល​បាន​បំរើ​នោះ ត្រូវ​តែ​គិត​ឈ្នួល​ដូច​ជា​អ្នក​បំរើ​វិញ

ចែក​រំលែក
អាន លេវីវិន័យ 25