លេវីវិន័យ 15:1-15

លេវីវិន័យ 15:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ និងលោក​អើរ៉ុន ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ពេល​បុរស​ណា​មាន​ខ្ទុះ​ហូរ​ចេញ​ពី​អង្គជាតិ របស់​ខ្លួន ការ​ហូរ​ខ្ទុះ​នោះ​រាប់​ជា​ស្មោក‌គ្រោក​ដល់​គាត់​ហើយ។ នេះ​ឯង​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​នោះ ក្នុង​កាល​ដែល​ហូរ​ខ្ទុះ ទោះ​បើ​កំពុង​តែ​ហូរ​នៅ​ឡើយ ឬ​បាត់​ទៅ​ក្តី នោះ​គង់​តែ​រាប់​ជា​ស្មោក‌គ្រោក​ដែរ គ្រប់​ទាំង​ដំណេក​ដែល​អ្នក​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ។ បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី​ដែល​អ្នក​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។ បើ​អ្នក​ណា​ប៉ះ​ពាល់​ខ្លួន​អ្នក​ដែល​ហូរ​ខ្ទុះ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​ទៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។ បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។ គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ។ បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។ បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។ ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​ចាប់​កាន់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។ បើ​កាល​ណា​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​ប្រាំពីរ​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ឲ្យ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ។ សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប មួយ​ទៀត​សម្រាប់​ជា​តង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 15

លេវីវិន័យ 15:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​បុរស​ម្នាក់​មាន​ជំងឺ​កាម​រោគ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក បណ្ដាល​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ។ ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​ក្ដី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។ ដូច្នេះ គ្រែ​បុរស​នោះ​ដេក ឬ​កន្លែង​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​អង្គុយ​លើ​កៅ‌អី​ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ប្រសិន​បើ​អ្នក​ជំងឺ​ស្ដោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ អ្នក​ណា​ប៉ះ‌ពាល់​វត្ថុ​ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ អ្នក​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ បើ​អ្នក​ជំងឺ​ពុំ​បាន​លាង​ដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះ‌ពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សម្អាត។ កាល​ណា​ខ្ទុះ​របស់​អ្នក​កើត​ជំងឺ​កាម​រោគ​នោះ​ឈប់​ហូរ គាត់​ត្រូវ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ដង​ទឹក​ជ្រោះ​យក​មក​លាង​សម្អាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បរិសុទ្ធ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ គាត់​ត្រូវ​ជូន​សត្វ​នោះ​ទៅ​បូជា‌ចារ្យ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​យក​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 15

លេវីវិន័យ 15:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​នឹង​អើរ៉ុន ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​មនុស្ស​ណា​មាន​ខ្ទុះ​ហូរ​ចេញ​ពី​សាច់ នោះ​រាប់​ជា​ស្មោក‌គ្រោក​ហើយ ដោយ​ព្រោះ​ហូរ​ខ្ទុះ​នោះ នេះ​ឯង​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​នោះ ក្នុង​កាល​ដែល​ហូរ​ខ្ទុះ ទោះ​បើ​កំពុង​តែ​ហូរ​នៅ​ឡើយ ឬ​បាត់​ទៅ​ក្តី នោះ​គង់​តែ​រាប់​ជា​ស្មោក‌គ្រោក​ដែរ គ្រប់​ទាំង​ដំណេក​ណា​ដែល​មនុស្ស​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច បើ​អ្នក​ណា​ពាល់​សាច់​មនុស្ស​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​នឹង​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​នឹង​ចាប់​ពាល់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។ បើ​កាល​ណា​មនុស្ស ដែល​ហូរ​ខ្ទុះ​នោះ បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ១​ទៀត​សំរាប់​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 15