លេវីវិន័យ 11:4-47
លេវីវិន័យ 11:4-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពាអៀងតែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្ដី ទឹកទន្លេក្ដី អ្នករាល់គ្នាអាចបរិភោគបានតែសត្វណាមានព្រុយ និងមានស្រកាប៉ុណ្ណោះ។ រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។ អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។ អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និងគ្មានព្រុយ។ ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក រអាត ត្មាតគ្រប់ប្រភេទ ក្អែកគ្រប់ប្រភេទ អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ ទីទុយ ក្អែកទឹក ក្រៀល គូក ទុង ស្មោញ កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។ អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។ ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិត ដែលមានស្លាប និងមានជើងអាចលោតលើដី ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។ រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។ សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកប៉ះពាល់សត្វនោះនឹងក្លាយទៅជាមិនបរិសុទ្ធ។ សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ក្នុងចំណោមសត្វលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: ស្កា កណ្ដុរ បង្កួយគ្រប់ប្រភេទ តុកកែ ជីងចក់ ថ្លែន ជាស។ អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចវានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។ ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។ ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្ដី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកម្ទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។ ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្ដូងទឹក នោះទឹកនៅតែបរិសុទ្ធដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនបរិសុទ្ធ។ ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។ ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនបរិសុទ្ធ។ ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះ ត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ កុំបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វជើងបួន ឬសត្វជើងច្រើនក្ដី ព្រោះជាសត្វគួរស្អប់ខ្ពើម។ អ្នករាល់គ្នាមិនត្រូវបណ្ដោយឲ្យសៅហ្មង ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវានឹងបណ្ដាលឲ្យអ្នកទៅជាមិនបរិសុទ្ធ។ យើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្ដោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។ យើងជាព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ នេះសុទ្ធសឹងជាក្រឹត្យវិន័យស្ដីអំពីពួកសត្វជើងបួន សត្វស្លាប សត្វដែលរស់រវើករវ័ណ្ឌនៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។ ក្រឹត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។
លេវីវិន័យ 11:4-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ក្នុងបណ្ដាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះអ្នករាល់គ្នាមិនត្រូវបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា ទន្សាយថ្មមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា ទន្សាយគល់មួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា និងជ្រូកមួយ ដ្បិតវាក៏មានក្រចកឆែកពីរ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា មិនត្រូវបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នាហើយ។ ឯត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលអ្នករាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ និងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន តែក្នុងបណ្ដាត្រីដែលកម្រើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់អ្នករាល់គ្នាវិញ ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ សត្វណានៅក្នុងទឹកដែលគ្មានព្រុយ និងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់អ្នករាល់គ្នាហើយ។ ឯក្នុងបណ្ដាសត្វហើរទាំងប៉ុន្មានក៏ដែរ អ្នករាល់គ្នាត្រូវរាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែងមួយ ស្ទាំងមួយ ប្រមង់មួយ ត្មាតមួយ និងរអាតតាមពូជវា គ្រប់ទាំងក្អែកតាមពូជវា អូទ្រុសមួយ ខ្លែងស្រាកមួយ រំពេមួយ និងអកតាមពូជវា មៀមមួយ ស្មោញមួយ គូកមួយ ទីទុយមួយ ទុងមួយ ក្រៀលមួយ កុកមួយ ក្រសារតាមពូជវាមួយ កំប៉ោយមួយ និងជ្រឹងមួយ។ អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់អ្នករាល់គ្នា ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះអ្នករាល់គ្នាត្រូវបរិភោគបានតែសត្វណាដែលមានជើងសម្រាប់ផ្ទាត់នៅដី ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា តែអស់ទាំងសត្វស្លាបមានជើងបួនដែលវារតោងបាន នោះអ្នករាល់គ្នាត្រូវខ្ពើមឆ្អើមវិញ។ ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។ គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជាពីរ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើងបួន នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់អ្នករាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នា។ ឯក្នុងបណ្ដាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នាដែរ គឺស្កាមួយ កណ្តុរមួយ ថ្លែនតាមពូជវាមួយ តុកកែមួយ ទន្សងមួយ ជីងចក់មួយ បង្កួយមួយ ជាសមួយ ក្នុងបណ្ដាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់អ្នករាល់គ្នា កាលណាវាងាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ បើសត្វណាមួយនោះងាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ ឯអាហារណាសម្រាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសម្រាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ ហើយរបស់អ្វីក៏ដោយ ដែលកម្ទេចខ្មោចនៃសត្វទាំងនោះធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នាផង បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសម្រាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់អ្នករាល់គ្នាវិញ។ បើសត្វណាដែលសម្រាប់ជាអាហារដល់អ្នករាល់គ្នាបានងាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។ ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើងបួន ឬដែលមានជើងច្រើន ជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ។ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា។ ដ្បិតយើងនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតយើងជាបរិសុទ្ធ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ។ ដ្បិតយើងជាព្រះយេហូវ៉ាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធចុះ ដ្បិតយើងបរិសុទ្ធ។ នេះហើយជាច្បាប់ខាងឯសត្វជើងបួន សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ»។
លេវីវិន័យ 11:4-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែក្នុងបណ្តាពួកសត្វដែលទំពាអៀង នឹងពួកសត្វដែលមានក្រចកឆែក នោះមិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ទន្សាយថ្ម១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ទន្សាយគល់១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ហើយជ្រូក១ ដ្បិតវាក៏មានក្រចកឆែកជា២ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាដែរ មិនត្រូវឲ្យបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ។ ឯបណ្តាត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលឯងរាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ ហើយនឹងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន តែក្នុងបណ្តាត្រីដែលកំរើកក្នុងទឹក នឹងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ នឹងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់ឯងរាល់គ្នាវិញ ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ សត្វណានៅក្នុងទឹកដែលគ្មានព្រុយ ហើយនឹងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់ឯងរាល់គ្នាហើយ។ ឯក្នុងបណ្តាសត្វហើរទាំងប៉ុន្មានក៏ដែរ ត្រូវឲ្យឯងរាល់គ្នារាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែង១ ស្ទាំង១ ប្រមង់១ ត្មាត១ ហើយរអាតតាមពូជវា គ្រប់ទាំងក្អែកតាមពូជវា អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនឹងអកតាមពូជវា មៀម១ ស្មោញ១ គូក១ ទីទុយ១ ទុង១ ក្រៀល១ កុក១ ក្រសារតាមពូជវា១ កំប៉ោយ១ ហើយជ្រឹង១។ អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់ឯងរាល់គ្នា ប៉ុន្តែក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះឯងរាល់គ្នាត្រូវបរិភោគបានតែសត្វណា ដែលមានជើងសំរាប់ផ្ទាត់នៅដី ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា នឹងចង្រិតដូងតាមពូជវា តែអស់ទាំងសត្វស្លាបមានជើង៤ដែលវាតោងបាន នោះឯងរាល់គ្នាត្រូវខ្ពើមឆ្អើមវិញ ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជា២ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើង៤ នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់ឯងរាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា។ ឯក្នុងបណ្តាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាត ដល់ឯងរាល់គ្នាដែរ គឺស្កា១ កណ្តុរ១ ថ្លែន១ តាមពូជវា តុកកែ១ ទន្សង១ ជីងចក់១ បង្កួយ១ ជាស១ ក្នុងបណ្តាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់ឯងរាល់គ្នា កាលណាវាស្លាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច បើសត្វណាមួយនោះស្លាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសំលៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសំរាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ ឯអាហារណាសំរាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសំរាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ ហើយរបស់អ្វីក៏ដោយ ដែលកំទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសំរាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់ឯងរាល់គ្នាវិញ។ បើសត្វណាដែលសំរាប់ជាអាហារ ដល់ឯងរាល់គ្នាបានស្លាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។ ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវឲ្យបរិភោគឡើយ គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើង៤ ឬដែលមានជើងច្រើនជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ មិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធមិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ ដ្បិតអញជាព្រះយេហូវ៉ាដែលបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះនៃឯងរាល់គ្នា ដូច្នេះចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ។ នេះហើយជាច្បាប់ខាងឯសត្វជើង៤ សត្វហើរ នឹងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី ដើម្បីឲ្យចេះសំគាល់សត្វដែលមិនស្អាត នឹងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន នឹងសត្វដែលមិនត្រូវបរិភោគឡើយ។