យ៉ូស្វេ 4:21-24
យ៉ូស្វេ 4:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។ ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីដឹងថា ព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។
យ៉ូស្វេ 4:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវប្រាប់កូនចៅឲ្យដឹងថា "ពួកអ៊ីស្រាអែលបានដើរឆ្លងទន្លេយ័រដាន់នេះលើដីស្ងួត"។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួតនៅមុខអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាបានឆ្លងផុត ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យសមុទ្រក្រហម រីងស្ងួតនៅមុខយើង រហូតទាល់តែយើងបានឆ្លងផុតដែរ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងពូកែ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ»។
យ៉ូស្វេ 4:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត ពីព្រោះព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានព្រះចេស្តា ប្រយោជន៍ឲ្យឯងរាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាបតទៅ។