យ៉ូស្វេ 4:1-24

យ៉ូស្វេ 4:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់​ពីចំណោម​ប្រជា‌ជន គឺ​កុល‌សម្ព័ន្ធ​មួយៗ​រើស​យក​ម្នាក់ ហើយ​បង្គាប់​ពួក​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះទៅ​ជាមួយ ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នានឹង​ស្នាក់​នៅ​យប់​នេះ"»។ ពេលនោះ លោក​យ៉ូស្វេ​ក៏​ហៅ​បុរស​ដប់ពីរ​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​លោក​បាន​តម្រូវ គឺ​កុល‌សម្ព័ន្ធ​មួយៗ​យក​ម្នាក់។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បាន​បង្គាប់ គឺ​គេ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ។ ពួក​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។ លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។ ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។ កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន​អ៊ីស្រា‌អែលទាំង​ប្រដាប់​អាវុធ ដូចលោក​ម៉ូសេ​បាន​បង្គាប់។ ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​បង្គាប់​ពួក​សង្ឃ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រ​ដាន់​មក!» កាល​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់​មក ហើយ​ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោកភ្លាម ទឹក​ទន្លេ​យ័រដាន់ក៏​ហូរ​ទម្លាក់​មក​តាម​កន្លែង​ធម្មតា​វិញ គឺ​លិច​មាត់​ច្រាំង​ទាំង​អស់​ដូច​ពី​មុន។ ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។ រី​ឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​បាន​យក​ចេញ​ពី​កណ្ដាល​ទន្លេ​យ័រដាន់មក លោក​យ៉ូស្វេបាន​ដាក់​បញ្ឈរ​នៅ​គីល‌កាល លោក​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​កូន​ចៅ​ឲ្យ​ដឹង​ថា "ពួក​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​លើ​ដី​ស្ងួត"។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីងស្ងួត​នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នករាល់​គ្នា​បាន​ឆ្លង​ផុត ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ស្ងួត​នៅ​មុខ​យើង រហូត​ទាល់​តែ​យើង​បាន​ឆ្លង​ផុត​ដែរ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មានឫទ្ធានុភាព​ខ្លាំង​ពូកែ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ»។

ចែក​រំលែក
អាន យ៉ូស្វេ 4

យ៉ូស្វេ 4:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។ លោក​យ៉ូស្វេ​ហៅ​បុរស​ដប់‌ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​ឲ្យ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?” អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំឭក​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។ លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ក្រុម​បូជា‌ចារ្យ​សែង​ហិប​នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។ កាល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​ព្រះ‌អម្ចាស់​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់ មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ពង្រឹង​អំណាច​លោក​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​បង្គាប់​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ លោក​យ៉ូស្វេ​ក៏​បង្គាប់​ទៅ​ក្រុម​បូជា‌ចារ្យ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។ ពេល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។ ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ‌ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។ រីឯ​ថ្ម​ទាំង​ដប់‌ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក លោក​យ៉ូស្វេ​បាន​បញ្ឈរ​នៅ​គីល‌កាល់។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​សមុទ្រ​កក់ រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។ ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

ចែក​រំលែក
អាន យ៉ូស្វេ 4

យ៉ូស្វេ 4:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​យ៉ូស្វេ​ថា ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តាជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​គាត់​បាន​ដំរូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ឯង​រាល់​គ្នា​នឹង​ប្រាប់​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​បាន​ត្រូវ​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គឺ​កាល​ហឹប​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​បាន​ត្រូវ​កាត់​ផ្តាច់​ចេញ ដូច្នេះ​ថ្ម​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូស្វេ គេ​យក​ថ្ម​១២​ដុំ​ពី​កណ្តាល​ទន្លេ​យ័រដាន់ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​លោក ហើយ​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។ យ៉ូស្វេ​ក៏​ដាក់​ថ្ម​១២​ដុំ​នៅ​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​នៃ​ជើង​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ​ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ឯ​ពួក​សង្ឃ​ជា​អ្នក​សែង​ហឹប គេ​ឈរ​នៅ​កណ្តាល​ទន្លេ​យ័រដាន់​នោះ ដរាប​ដល់​គ្រប់​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​យ៉ូស្វេ ឲ្យ​ប្រាប់​ដល់​បណ្តាជន​បាន​សំរេច ជា​ការ​ដែល​ត្រូវ​នឹង​គ្រប់​ទាំង​សេចក្ដី ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ​ដែរ ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ក៏​នាំ​គ្នា​ឆ្លង​ទៅ​ដោយ​ប្រញាប់‌ប្រញាល់ កាល​ពួក​ជន​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា នឹង​ពួក​សង្ឃ​ក៏​ឆ្លង​ទៅ​នៅ​ចំពោះ​មុខ​គេ ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លង​ទៅ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​ពាក់​ស្រាប់ ដូច​ជា​ម៉ូសេ​បាន​ប្រាប់ គឺ​មាន​ចំនួន​ប្រហែល​ជា​៤​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ពាក់​គ្រឿង​សស្ត្រា‌វុធ​រៀបចំ​នឹង​ច្បាំង គេ​ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ក្រុង​យេរីខូរ នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លើក​ដំកើង​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោត‌ខ្លាច​ដល់​លោក ដូច​ជា​បាន​កោត‌ខ្លាច​ដល់​លោក​ម៉ូសេ​ដែរ នៅ​អស់​១​ជីវិត​របស់​លោក។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​សង្ឃ​ថា ចូរ​នាំ​គ្នា​ឡើង​មក កាល​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់​មក ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោក​ហើយ នោះ​ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ទំលាក់​មក​តាម​កន្លែង​ធម្មតា​វិញ ព្រម​ទាំង​លិច​មាត់​ច្រាំង​ទាំង​អស់ ដូច​ពី​កាល​មុន។ រីឯ​កាល​ពួក​បណ្តាជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូរ​ខាង​កើត ចំណែក​ថ្ម​ទាំង​១២​ដុំ​នោះ ដែល​គេ​បាន​ចេញ​ពី​កណ្តាល​ទន្លេ​យ័រដាន់ នោះ​យ៉ូស្វេ​ក៏​នាំ​យក​ចេញ​មក​ដាក់​បង្គរ​ត្រង់​គីល‌កាល រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រាអែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 4