យ៉ូស្វេ 24:1-28

យ៉ូស្វេ 24:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​កោះ​ហៅ​ពួក​ចាស់​ទុំ ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក រួច​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ។ លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ពីដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​រស់​នៅ​ខាង​នាយ​ទន្លេអឺប្រាត គឺ​ថេរ៉ា ជា​ឪពុក​របស់​អ័ប្រា‌ហាំ និង​ណាឃរ ហើយគេ​បាន​គោរព​ប្រតិ‌បត្តិ​ព្រះ​ដល់​ដទៃ។ ពេល​នោះ យើង​បាន​យក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​អ្នក ពី​ខាង​នាយ​ទន្លេ​នោះ​មក ហើយ​នាំ​គាត់​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន យើង​បានធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ជា​ច្រើន។ យើង​ឲ្យគាត់​បង្កើត​អ៊ីសាក ហើយ​យើង​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ។ យើង​បាន​ប្រទានឲ្យ​អេសាវ​កាន់​កាប់​ស្រុក​ភ្នំ​សៀរ តែ​ឲ្យ​យ៉ាកុប និង​កូន​ចៅ​របស់​គាត់ ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ។ យើង​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​យើង​វាយ​ស្រុក​នោះ​ដោយ​គ្រោះ​កាច ដែល​យើង​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​ក៏​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ។ យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នាចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ។ ពួក​សាសន៍​អេស៊ីព្ទ​បាន​ដេញ​តាម​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ដោយ​រទេះ​ចម្បាំង និង​ទ័ព​សេះ រហូត​ដល់​សមុទ្រ​ក្រហម ។ កាល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ដាក់​សេចក្ដី​ងងឹត​នៅ​ចន្លោះ​អ្នក​រាល់​គ្នា និង​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​លើ​គេ លិច​លង់​អស់​ទៅ។ ភ្នែក​អ្នក​រាល់​គ្នា​ក៏​បាន​ឃើញហេតុ​ការណ៍​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ចំពោះ​ស្រុក​អេស៊ីព្ទនោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​រយៈ​ពេល​ជា​យូរ។ បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់។ គេ​ច្បាំង​នឹង​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​ក៏​វាយ​កាន់​កាប់​ដឹក​ដីរបស់​គេ រួច​យើងក៏​បាន​បំផ្លាញ​គេ​ចេញពី​មុខ​អ្នក​រាល់​គ្នា​អស់​ទៅ។ បន្ទាប់​មក បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអរ មក​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា តែ​យើ់ង​មិន​ព្រម​ស្តាប់​ពាក្យ​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើងក៏​បានរំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃរបស់​គេ។ ពេល​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ ពួកមេ​ដឹក​នាំ​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​អ្នក​រាល់​គ្នា ហើយ​មាន​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកា‌ស៊ី សាសន៍​ហេវី និង​សាសន៍​យេប៊ូស រួម​ជាមួយ​ដែរ តែ​យើង​បាន​ប្រគល់ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ យើង​ចាត់​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ហើយ​បណ្តេញ​ពួក​គេ​ចេញពី​មុខ​អ្នករាល់​គ្នា គឺ​ស្តេចទាំង​ពីរ​របស់​សាសន៍​អាម៉ូរី មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។ យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​នឿយ​ហត់ និង​ទី​ក្រុង​ដែលអ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ទីក្រុង​ទាំង​នោះ។ អ្នក​រាល់​គ្នា​បរិ‌ភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​អូលីវ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ"»។ ដូច្នេះ ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ និង​ពិត​ប្រាកដ​ចុះ។ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នាបាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ និង​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ហើយ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​វិញ។ ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ទេ ចូរ​រើស​យក​ព្រះ​ណា​ដែល​អ្នក​រាល់​គ្នា​ចង់​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ ទោះ​បើ​ជា​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ ឬ​ព្រះ​របស់​សាសន៍​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ​នេះ​ក្តី រី​ឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។ ពេល​នោះ ប្រជា‌ជន​ឆ្លើយ​ឡើង​ថា៖ «សូម​ឲ្យ​គំនិតដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ។ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វ​បុរស​របស់​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែលយើង​ខ្ញុំ​ធ្វើ​ជា​ទាសករ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ធំៗ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ឆ្លង​កាត់។ ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍ទាំង​ប៉ុន្មាន ចេញ​ពី​មុខ​យើង​ខ្ញុំ ព្រម​ទាំង​សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង​ខ្ញុំ»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គនឹង​មិន​អត់​ទោស​អំពើ​រំលង ឬ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ឡើយ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ព្រះ‌អង្គ​នឹង​បែរមក​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ ទោះ​បើ​ព្រះ‌អង្គ​បាន​ធ្វើ​ល្អ​ដល់​អ្នក​រាល់​គ្នា​ហើយ​ក៏​ដោយ»។ ប្រជា‌ជន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ!» លោក​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ពិត​មែន​ហើយ»។ លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ»។ ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយយើងខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​តាំង​សេចក្ដី​សញ្ញា​ជាមួយ​ប្រជា‌ជន​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្តិ​ឲ្យ​គេ​កាន់​តាម នៅ​ស៊ីគែម។ លោក​យ៉ូស្វេ​ក៏​ចារសេចក្ដី​ទាំង​នេះ​ចុះ​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ទី​នោះ នៅ​ក្រោម​ដើម​ម៉ៃសាក់ ជិត​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «មើល៍ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​យើង។ ដូច្នេះ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ក្រែង​អ្នក​រាល់​គ្នា​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ប្រជា‌ជន​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 24

យ៉ូស្វេ 24:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​លោក​ក៏​បាន​កោះ​ហៅ​ក្រុម​ព្រឹទ្ធា‌ចារ្យ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួប‌ជុំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រ រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។ យើង​បាន​នាំ​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ពី​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត​មក ឲ្យ​ដើរ​កាត់​ស្រុក​កាណាន​ទាំង​មូល យើង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គាត់​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​ក៏​បាន​ឲ្យ​គាត់​បង្កើត​អ៊ីសាក​ដែរ។ យើង​បាន​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកុប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។ បន្ទាប់​មក យើង​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។ យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​ដល់​សមុទ្រ។ ជន‌ជាតិ​អេស៊ីប​ដេញ​តាម​រហូត​ដល់​សមុទ្រ​កក់ មានទាំង​រទេះ​ចម្បាំង និង​ទ័ព​សេះ​មក​ជា​មួយ​ផង។ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក*​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​ជន‌ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន‌ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន‌ជាតិ​អេស៊ីប។ ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​ដ៏​យូរ‌លង់។ បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​ឲ្យ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។ ស្ដេច​បាឡាក់​ជា​បុត្រ​របស់​ស្ដេច​ស៊ីប‌ព័រ ដែល​គ្រង​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។ ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​បាឡាក់។ អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស រួម​ជា​មួយ​ផង បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កម្ចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ‌ជម្នះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។ យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយ‌ហត់​ភ្ជួរ​រាស់ អ្នក​រាល់​គ្នា​មាន​ទីក្រុង​ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​អូលីវ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់»។ ប្រជា‌ជន​ឆ្លើយ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ជា​ដាច់​ខាត! ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ធំៗ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះអង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។ ព្រះ‌អម្ចាស់​បណ្ដេញ​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បម្រើ​ព្រះ‌អម្ចាស់​បាន​ទេ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ព្រះអង្គ​មិន​អាច​អត់‌ទោស​ចំពោះ​ការ​បះ‌បោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​ងាក​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត ព្រះអង្គ​នឹង​បែរ​មក​ដាក់​ទោស​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ ថ្វី‌ដ្បិត​តែ​ព្រះអង្គ​ធ្លាប់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ក៏​ដោយ»។ ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ជា​សាក្សី​ដឹង​ឮ​ខ្លួន​ឯង​ផ្ទាល់​ថា អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់»។ ពួក​គេ​ឆ្លើយ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​ជា​សាក្សី»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ»។ ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង»។ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅ​ស៊ីគែម ហើយ​លោក​ចេញ​ច្បាប់ និង​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម​ទៀត​ផង។ លោក​យ៉ូស្វេ​ចារ​សេចក្ដី​ទាំង​នេះ​ទុក​នៅ​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្នុង​កន្លែង​សក្ការៈ​របស់​ព្រះ‌អម្ចាស់។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ក្បត់​ព្រះ​របស់​អ្នក​រាល់​គ្នា»។ បន្ទាប់​មក លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 24

យ៉ូស្វេ 24:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ រួច​យ៉ូស្វេ​លោក​រំឭក​ដល់​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​ឰយុកោ​ឯង​រាល់​គ្នា ពី​ដើម​បាន​នៅ​ខាង​នាយ​ទន្លេ គឺ​ថេរ៉ា ជា​ឪពុក​អ័ប្រា‌ហាំ នឹង​ណាឃរ គេ​ក៏​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ដែរ តែ​អញ​បាន​យក​អ័ប្រា‌ហាំ ជា​ពួក​ឰយុកោ​ឯង ពី​ខាង​នាយ​ទន្លេ​មក នាំ​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន អញ​ក៏​ចំរើន​ពូជ​ឲ្យ ព្រម​ទាំង​ឲ្យ​បង្កើត​អ៊ីសាក​ផង រួច​អញ​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប នឹង​អេសាវ ឯ​អេសាវ​នោះ អញ​បាន​ឲ្យ​ចាប់​យក​ស្រុក​ភ្នំ​សៀរ តែ​យ៉ាកុប នឹង​កូន​ចៅ នោះ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ អញ​ក៏​ចាត់​ម៉ូសេ នឹង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ រួច​ឲ្យ​ស្រុក​នោះ​កើត​មាន​សេចក្ដី​វេទនា គឺ​ជា​ការ​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​នោះ​ហើយ ក្រោយ​នោះ អញ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​មក អញ​បាន​នាំ​ពួក​ឪពុក​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចំបាំង នឹង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង គ្រា​នោះ បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ រួច​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ នោះ​ពួក​មនុស្ស​នៅ​ក្នុង​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​ឯង មាន​ទាំង​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ច្បាំង​នឹង​ឯង​ដែរ តែ​អញ​បាន​ប្រគល់​គេ​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។ ដូច្នេះ ឥឡូវ​នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។ ពួក​បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​គំនិត ដែល​នឹង​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង តែ​ពួក​ជន​គេ​ឆ្លើយ​ថា ទេ យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន លោក​តប​ថា ដូច្នេះ ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ នោះ​បណ្តាជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ នឹង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម យ៉ូស្វេ​ក៏​កត់​អស់​ទាំង​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ផង​ព្រះ រួច​យក​ថ្ម​យ៉ាង​ធំ​មក​បញ្ឈរ​នៅ​ទី​នោះ ត្រង់​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តាជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 24