យ៉ូស្វេ 24:1-25
យ៉ូស្វេ 24:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។ យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចម្បាំង និងទ័ពសេះមកជាមួយផង។ បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក*ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។ ស្ដេចបាឡាក់ជាបុត្ររបស់ស្ដេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្ដេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។ ប៉ុន្តែ យើងមិនព្រមស្ដាប់ពាក្យបាឡាមទេ គឺគាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចបាឡាក់។ អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្ដេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់ អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ”»។ លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គ ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើ នៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់។ ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរស*របស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។ ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ ព្រះអម្ចាស់បណ្ដេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេស ជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។
យ៉ូស្វេ 24:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយកោះហៅពួកចាស់ទុំ ពួកមេ ពួកចៅក្រម និងពួកនាយកនៃសាសន៍អ៊ីស្រាអែលឲ្យមក រួចគេក៏មកជួបជុំគ្នានៅចំពោះព្រះ។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា "ពីដើម បុព្វបុរសរបស់អ្នករាល់គ្នារស់នៅខាងនាយទន្លេអឺប្រាត គឺថេរ៉ា ជាឪពុករបស់អ័ប្រាហាំ និងណាឃរ ហើយគេបានគោរពប្រតិបត្តិព្រះដល់ដទៃ។ ពេលនោះ យើងបានយកអ័ប្រាហាំ ជាបុព្វបុរសរបស់អ្នក ពីខាងនាយទន្លេនោះមក ហើយនាំគាត់ដើរពេញក្នុងស្រុកកាណាន យើងបានធ្វើឲ្យគាត់មានកូនចៅជាច្រើន។ យើងឲ្យគាត់បង្កើតអ៊ីសាក ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។ យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ ហើយយើងវាយស្រុកនោះដោយគ្រោះកាច ដែលយើងបានធ្វើក្នុងចំណោមពួកគេ រួចយើងក៏នាំអ្នករាល់គ្នាចេញមក ។ យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ។ ពួកសាសន៍អេស៊ីព្ទបានដេញតាមបុព្វបុរសរបស់អ្នករាល់គ្នា ដោយរទេះចម្បាំង និងទ័ពសេះ រហូតដល់សមុទ្រក្រហម ។ កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ គេច្បាំងនឹងអ្នករាល់គ្នា តែយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នាក៏វាយកាន់កាប់ដឹកដីរបស់គេ រួចយើងក៏បានបំផ្លាញគេចេញពីមុខអ្នករាល់គ្នាអស់ទៅ។ បន្ទាប់មក បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល។ ស្ដេចចាត់គេឲ្យទៅហៅបាឡាមជាកូនបេអរ មកដាក់បណ្ដាសាអ្នករាល់គ្នា តែយើ់ងមិនព្រមស្តាប់ពាក្យបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់គេ។ ពេលអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ ពួកមេដឹកនាំក្រុងយេរីខូរក៏ច្បាំងនឹងអ្នករាល់គ្នា ហើយមានសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូស រួមជាមួយដែរ តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នារស់នៅក្នុងទីក្រុងទាំងនោះ។ អ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលអ្នករាល់គ្នាមិនបានដាំ"»។ ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។ ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ ពេលនោះ ប្រជាជនឆ្លើយឡើងថា៖ «សូមឲ្យគំនិតដែលបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ។ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។ ព្រះយេហូវ៉ាបានបណ្តេញសាសន៍ទាំងប៉ុន្មាន ចេញពីមុខយើងខ្ញុំ ព្រមទាំងសាសន៍អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ ដូច្នេះ យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។ ប្រសិនបើអ្នករាល់គ្នាលះចោលព្រះយេហូវ៉ា ហើយទៅគោរពប្រតិបត្តិដល់ព្រះដទៃ ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ទោះបើព្រះអង្គបានធ្វើល្អដល់អ្នករាល់គ្នាហើយក៏ដោយ»។ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។ លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើង ហើយយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។
យ៉ូស្វេ 24:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏ប្រមូលពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់មកនៅត្រង់ស៊ីគែម ព្រមទាំងហៅពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកមេ ពួកចៅក្រម នឹងពួកនាយកមកដែរ នោះគេក៏មកឈរនៅចំពោះព្រះ រួចយ៉ូស្វេលោករំឭកដល់ជនទាំងឡាយថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ពួកឰយុកោឯងរាល់គ្នា ពីដើមបាននៅខាងនាយទន្លេ គឺថេរ៉ា ជាឪពុកអ័ប្រាហាំ នឹងណាឃរ គេក៏បានគោរពប្រតិបត្តិដល់ព្រះដទៃដែរ តែអញបានយកអ័ប្រាហាំ ជាពួកឰយុកោឯង ពីខាងនាយទន្លេមក នាំដើរពេញក្នុងស្រុកកាណាន អញក៏ចំរើនពូជឲ្យ ព្រមទាំងឲ្យបង្កើតអ៊ីសាកផង រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ អញក៏ចាត់ម៉ូសេ នឹងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះ អញបាននាំឯងរាល់គ្នាចេញមក អញបាននាំពួកឪពុកឯងចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ រួចពួកសាសន៍អេស៊ីព្ទគេដេញតាមដោយរទេះចំបាំង នឹងទ័ពសេះរហូតដល់សមុទ្រក្រហម កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង គ្រានោះ បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង តែអញមិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរដល់ឯងរាល់គ្នាវិញ ហើយអញបានដោះឯងពីកណ្តាប់ដៃគេចេញ រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូរក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី នឹងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ អញបានឲ្យស្រុក១ដល់ឯងរាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃឯងរាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ នឹងផ្លែអូលីវដែលឯងរាល់គ្នាមិនបានដាំផងដែរ។ ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ ចូរលះចោលអស់ទាំងព្រះដែលពួកឰយុកោឯងបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ ហើយនៅស្រុកអេស៊ីព្ទនោះចេញ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកឰយុកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ នឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ ពួកបណ្តាជនក៏ឆ្លើយឡើងថា សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ នឹងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង ព្រះយេហូវ៉ាទ្រង់បានបណ្តេញអស់ទាំងសាសន៍ ដែលនៅក្នុងស្រុកនេះពីមុខយើងខ្ញុំចេញ ព្រមទាំងសាសន៍អាម៉ូរីផង ដូច្នេះ យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាដែរ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំ។ យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនឹងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង ដូច្នេះលោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ នឹងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម