យ៉ូស្វេ 1:7-8
យ៉ូស្វេ 1:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមក្រឹត្យវិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីក្រឹត្យវិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជម្នះគ្រប់ទីកន្លែងដែលអ្នកទៅ។ ត្រូវទន្ទេញគម្ពីរនៃក្រឹត្យវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចម្រុងចម្រើន និងទទួលជោគជ័យ។
យ៉ូស្វេ 1:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងក្រឹត្យវិន័យ ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់អ្នក។ កុំងាកបែរចេញទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីឲ្យអ្នកមានជោគជ័យគ្រប់ទីកន្លែងដែលអ្នកទៅ។ មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។
យ៉ូស្វេ 1:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង