យ៉ូអែល 2:28-32

យ៉ូអែល 2:28-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។ ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពួក​គេ​ដែរ។ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​កម្សួល​ផ្សែង។ ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។ ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។

ចែក​រំលែក
អាន យ៉ូអែល 2

យ៉ូអែល 2:28-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ទំនាយ ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។ នៅ​គ្រា​នោះ សូម្បី​តែ​ពួក​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ របស់​យើង​ទៅ​លើ​ពួក​គេ​ដែរ។ យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើង និង​កម្សួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។ ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។

ចែក​រំលែក
អាន យ៉ូអែល 2

យ៉ូអែល 2:28-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម នឹង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់ នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ទុក ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។

ចែក​រំលែក
អាន យ៉ូអែល 2