យ៉ូអែល 2:1-7
យ៉ូអែល 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។ មានភ្លើងឆេះបន្សុសនៅពីមុខគេ ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន តែខាងក្រោយគេ ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ គ្មានអ្វីគេចផុតពីគេឡើយ។ រូបរាងរបស់គេមើលទៅដូចជាសេះ ហើយគេរត់ដូចជាសេះចម្បាំង។ គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។ សាសន៍នានាមានសេចក្ដីថប់ព្រួយនៅមុខគេ មុខមនុស្សទាំងអស់ទៅជាស្លេកស្លាំង។ គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។
យ៉ូអែល 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់ព្រះជាម្ចាស់! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលុប ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។ នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។ ពួកវាប្រៀបបីដូចជាទ័ពសេះ ពួកវាបោលទៅមុខដូចកងពលសេះ សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តម្រៀបគ្នាចូលប្រយុទ្ធ។ ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។ ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ ម្នាក់ៗសម្រុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
យ៉ូអែល 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។ ភាពរូបរបស់គេមើលទៅដូចជាសេះ គេក៏រត់ដូចជាសេះចំបាំងដែរ គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង អស់ទាំងសាសន៍មានសេចក្ដីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ