យ៉ូប 5:4-27

យ៉ូប 5:4-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ចៅ​របស់​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ ពួក​គេ​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ។ ឯ​ផល​ចម្រូត​របស់​គេ ពួក​អត់​ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ‌សម្បត្តិ​គេ​ទៅ។ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​មិន​កើត​ពី​ធូលី​ទេ ហើយ​សេចក្ដី​វេទនា​ក៏​មិន​ដុះ​ចេញ​ពី​ដី​ដែរ មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា ដូច​ជា​ផ្កា​ភ្លើង ដែល​ហើរ​ទៅ​លើ។ ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ។ ដែល​ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។ ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ ហើយ​តម្កើង​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត​ឲ្យ​បាន​សុខ។ ព្រះ‌អង្គ​រំលាយ​ផែនការ​របស់​មនុស្ស​មាន​ល្បិច មិន​ឲ្យ​សម្រេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ។ ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។ អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្ដី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់។ ប៉ុន្តែ ព្រះ‌អង្គ​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កម្សត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ។ យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​អំពើ​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។ មើល៍! សប្បាយ​ហើយ​អ្នក​ណា ដែល​ព្រះ​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ឡើយ។ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ព្រះ‌អង្គ​វាយ​កម្ទេច ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មើល​ឲ្យ​ជា​ឡើង​វិញ។ ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​អ្នក​រួច ពី​សេចក្ដី​វេទនា​ប្រាំមួយ​មុខ អើ ដល់​គម្រប់​ប្រាំពីរ​ផង នោះ​សេចក្ដី​អាក្រក់ នឹង​មិន​មក​ពាល់​ប៉ះ​អ្នក​ឡើយ។ នៅ​គ្រា​គ្រោះអំណត់ ព្រះ‌អង្គ​នឹង​លោះ​អ្នក ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម ឲ្យ​រួច​ពី​អំណាច​ដាវ​ផង។ អ្នក​នឹង​បាន​លាក់​កំបាំង​ពី​រំពាត់​នៃ​អណ្ដាត​គេ ហើយ​កាល​គ្រោះ​ថ្នាក់​មក​ដល់ នោះ​អ្នក​មិន​ត្រូវ​ខ្លាច​ឡើយ។ អ្នក​នឹង​សើច​ឡក​ដល់​គ្រោះ​ថ្នាក់ និង​គ្រា​អំណត់ ហើយ​មិន​ខ្លាច​សត្វ​កំណាច​នៅ​ផែនដី​ផង។ ដ្បិត​អ្នក និង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្ត​នឹង​គ្នា ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ។ អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្ដី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ។ អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចម្រើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្ដាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល។ នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់ មើលឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង»។

ចែក​រំលែក
អាន យ៉ូប 5

យ៉ូប 5:4-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​កុំ​ឲ្យ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់ ហើយ​កុំ​ឲ្យ​មាន​នរណា​ការពារ​គេ នៅ​ពេល​ចៅ‌ក្រម​ដាក់​ទោស។ សូម​ឲ្យ​មនុស្ស​អត់​បាយ​នាំ​គ្នា​មក ដណ្ដើម​យក​ភោគ‌ផល​របស់​គេ ទោះ​បី​មាន​បន្លា​ជុំ‌វិញ​ចម្ការ​ក៏​ដោយ។ សូម​ឲ្យ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មក រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ។ អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេ ហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។ មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា ដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ដែរ។ ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញ ខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ មក​ទូល​ថ្វាយ​ព្រះអង្គ។ ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ មាន​ចំនួន​ច្រើន​ឥត​គណនា។ ព្រះអង្គ​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​មក​លើ​ផែនដី និង​ប្រទាន​ឲ្យ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចម្ការ។ ព្រះអង្គ​លើក​មនុស្ស​ទន់‌ទាប​ឡើង ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។ ព្រះអង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិច មិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការ របស់​ខ្លួន​បាន​ឡើយ។ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ ធ្លាក់​ក្នុង​ល្បិច​កិច្ច‌កល​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។ នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើង ដូច​ដើរ​នៅ​ពេល​យប់​ងងឹត ហើយ​ពួក​គេ​ដើរ​ស្ទាបៗ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់​ដែរ។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ជន​ទុគ៌ត ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។ ព្រះអង្គ​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។ ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះ ដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់ តែ​ព្រះអង្គ​នឹង​ព្យាបាល​ឡើង​វិញ ព្រះអង្គ​ធ្វើ​ឲ្យ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នេះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​ជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ ចំនួន​ប្រាំ​មួយ​ដង តែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាច កើត​មាន​ដល់​លោក​ទេ។ នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។ ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។ លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។ ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។ លោក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុង ទី​លំ‌នៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។ លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។ លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។ យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។

ចែក​រំលែក
អាន យ៉ូប 5

យ៉ូប 5:4-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​ចៅ​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ វា​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ ឯ​ផល​ចំរូត​របស់​គេ នោះ​ពួក​អត់‌ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ​សម្បត្តិ​គេ​ទៅ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​មិន​កើត​ពី​ធូលី​ទេ ហើយ​សេចក្ដី​វេទនា​ក៏​មិន​ដុះ​ចេញ​ពី​ដី​ដែរ មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា ដូច​ជា​ផ្កា​ភ្លើង​ចេះ​តែ​ហើរ​ទៅ​លើ​ដែរ។ បើ​ជា​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ ដែល​ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា ទ្រង់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ ហើយ​ឲ្យ​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត បាន​ដំកើង​ឡើង​ដល់​ទី​សុខ ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ ទ្រង់​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង‌វៃ អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្ដី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់ តែ​ទ្រង់​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កំសត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​សេចក្ដី​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។ មើល សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ‌ទ្រង់​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​ឡើយ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ទ្រង់​វាយ​កំទេច ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​មើល​ឲ្យ​ជា​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​អ្នក​រួច​ពី​សេចក្ដី​វេទនា​៦​មុខ អើ ដល់​គំរប់​៧​ផង នោះ​សេចក្ដី​អាក្រក់​នឹង​មិន​មក​ពាល់​ប៉ះ​អ្នក​ឡើយ នៅ​គ្រា​អំណត់ ទ្រង់​នឹង​លោះ​អ្នក​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម​ឲ្យ​រួច​ពី​អំណាច​ដាវ​ផង អ្នក​នឹង​បាន​លាក់​កំបាំង​ពី​រំពាត់​នៃ​អណ្តាត​គេ ហើយ​កាល​គ្រោះ​ថ្នាក់​មក​ដល់ នោះ​អ្នក​មិន​ត្រូវ​ខ្លាច​ឡើយ អ្នក​នឹង​សើច​ឡក​ដល់​គ្រោះ​ថ្នាក់ នឹង​គ្រា​អំណត់ ហើយ​មិន​ខ្លាច​សត្វ​កំណាច​នៅ​ផែនដី​ផង ដ្បិត​អ្នក នឹង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្រ​នឹង​គ្នា ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្ដី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចំរើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​ដល់​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្តាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់​មើល​ឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សំរាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង។

ចែក​រំលែក
អាន យ៉ូប 5