យ៉ូប 42:1-9

យ៉ូប 42:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​យ៉ូប​ទូល​ឆ្លើយ​ប្រាប់ ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ធ្វើ​ទាំង​អស់​កើត ហើយ​ឃាត់​ព្រះ​តម្រិះ​ព្រះ‌អង្គ​ណា​មួយ​មិន​បាន តើ​អ្នក​ណាដែល​បង្អាប់​ព្រះ​តម្រិះ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូល‌បង្គំ​នេះ​ឯង​បានពោល​ពាក្យ ដែល​ទូល‌បង្គំ​មិន​បាន​យល់ ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ "ចូរ​ស្តាប់​ចុះ យើង​នឹង​និយាយ​សិន យើង​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​យើង" កាល​ពី​ដើម​ត្រចៀក​ទូល‌បង្គំ​បាន​គ្រាន់​តែ ឮ​ថ្លែង​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល‌បង្គំ បាន​ឃើញ​ព្រះ‌អង្គ​ជាក់​វិញ បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។ ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា៖ «យើង​មាន​កំហឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ​កន​ឯង​ទាំង​ពីរ​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប ជា​អ្នក​បម្រើ​យើង​ទេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ណាអា‌ម៉ា ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ព្រម​តាម​យ៉ូប។

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​ទទួល​ស្គាល់​ថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ ទាល់​ព្រះ‌តម្រិះ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?” ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ” កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។ ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។ ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។ ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។ លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះយ៉ូប​ក៏​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា នឹង​ឃាត់​ព្រះ​ដំរិះ​ទ្រង់​ណា​មួយ​មិន​បាន តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូលបង្គំ​មិន​បាន​យល់ ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ស្តាប់​ចុះ អញ​នឹង​និយាយ​សិន អញ​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​អញ កាល​ពី​ដើមត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ បាន​ជា​ទូលបង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ។ ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​យ៉ូប​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា អញ​មាន​សេចក្ដី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ‌កន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧ នឹង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង​រាល់​គ្នា ដ្បិត​អញ​នឹង​ទទួល​វា ក្រែង​អញ​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​តាម​អំពើ​ចំកួត​របស់​ឯង ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា នឹង​សូផារ សាសន៍​ន៉ាអាម៉ា គេ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប។

ចែក​រំលែក
អាន យ៉ូប 42

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ